ភ្នំពេញ, លោក ឃន ឈុនដារ៉ា និង ភរិយា បានទទួលស្គាល់ថាពិតជាបានជ្រេីសរេីសមនុស្សពីរនាក់មកដេីរតួរត្រាប់តាមអង្គហេតុនៃជម្លោះរវាង ឧកញ៉ា ហេង សៀ និងកញ្ញា មានពេជ្ររីតា ពិតមែន ប៉ុន្តែពុំមានភស្តុតាងនៃការផលិតវីដេអូអាសអាភាសនោះទេ។
ចុងក្រោយ ! តុលាការបានសម្រេចដោះលែង កូននិងកូនប្រសារឧកញ៉ា ហេង សៀ ដោយបន្តស្រាវជ្រាវរកប្រភពការផលិតវីដេអូ អាសអាភាសដែលបានចែករំលែកកន្លងមក បន្តទៀត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។
សេចក្តីថ្លែងការណ៍ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា,
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញមានកិត្តិយស សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖
កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ មានរូបភាពអាសអាភាសជាច្រើនសន្លឹក ត្រូវបានចែកចាយជាបន្តបន្ទាប់នៅលើ បណ្តាញសង្គម ដែលបង្កើតឱ្យមានការភ័ន្តច្រឡំជាសាធារណៈថាជារូបភាពរបស់កញ្ញា មាន ពេជរីតា និងបានធ្វើឱ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កញ្ញ មាន ពេជ្រវីតា ក៏ដូចជាប៉ះពាល់ធ្ងន់ធ្ងរដល់សេចក្ដី ថ្លៃថ្នូររបស់ស្ត្រី។ នៅមុនពេលមានការចែកចាយរូបភាពអាសអាភាសទាំងនេះ ស្ថាប័នមានសមត្ថកិច្ចមានភស្តុតាងបឋម រឹងមាំដែលបញ្ជាក់ថា មានការជ្រើសរើសមនុស្សចំនួនពីរនាក់ដែលម្នាក់ មានភិនភាគប្រហាក់ប្រហែល់នឹងកញ្ញា មាន ពេជ្ររីតា និងម្នាក់ទៀតមានភិនភាគប្រហាក់ប្រហែលនឹងឈ្មោះ ហេង សៀ ដើម្បីថតជាវីដេអូឃ្លីប។
ផ្អែកលើមូលដ្ឋានខាងលើ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដឹកនាំ និងសម្របសម្រួលការងារ ជាមួយមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីបើកការស៊ើបអង្កេតស្រាវជ្រាវស្វែងរកការពិតក្នុងរឿងនេះ ដោយអនុវត្ត ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានចាត់នីតិវិធីលើមនុស្សមួយចំនួន ដើម្បីធ្វើការ សាកសួរ និងប្រមូលព័ត៌មាន។ការស៊ើបអង្កេតរយៈពេល ០២ថ្ងៃកន្លងទៅនេះ បានទទួលលទ្ឋផលបឋមដូចតទៅនេះ៖
១-ឈ្មោះ ឃន ឈុនតារា និងឈ្មោះ តាំង គីមហៀង ពិតជាបានជ្រើសរើសមនុស្សពីរនាក់ គឺស្រីម្នាក់ និងបុរសម្នាក់ដែលមានលក្ខណៈភិនភាគប្រហាក់ប្រហែលកញ្ញា មាន ពេជ្ររី និងឈ្មោះ ហេង សៀ ដើម្បីថតសម្ដែងត្រាប់អង្គហេតុនៃជម្លោះដែលកើតមានឡើងរវាងកញ្ញា មាន ពេជ្ររី និងឈ្មោះ ហេង សៀ ក្នុងរថយន្តកើតហេតុ ពិតប្រាកដមែន ព្រមទាំងមានវីដេអូឃ្លីប មានការធ្វើត្រាប់អង្គហេតុក្នុងរថយន្តនេះ ជាភស្តុតាង សំអាង ប៉ុន្តពុំមានភស្តុតាងណាមួយអំពីការផលិតជាវីដេអូឃ្លីបអាសអាភាស ឬរូបភាពអាសអាភាស ដែលត្រូវបានចែកចាយក្នុងបណ្ដាញសង្គមឡើយ។ ២-ឈ្មោះ ឃន ឈុនតារា ភេទប្រុស អាយុ ៣២ឆ្នាំ បានឆ្លើយបញ្ជាក់ជូនសមត្ថកិច្ចថា ខ្លួនគាត់ក៏ បានទទួលរូបភាពអាសអាភាសដែលមានប្រភពមិនច្បាស់លាស់តាមណ្ដាញសង្គម និងបានចែករំលែករូបភាព ទាំងនេះតាមប្រព័ន្ធ WhatsApp និងTelegram : ឱ្យមនុស្សចំនួន ០៧នាក់។ ករណីនេះ សាមីខ្លួន បានធ្វើលិខិត សុំអភ័យទោស និងសន្យាថានឹងមិនឱ្យករណីនេះ កើតមានជាថ្មីទៀតឡើយ។
៣-អយ្យការរាជធានីភ្នំពេញ បានទទួលពិនិត្យយ៉ាងម៉ត់ចត់នូវលទ្ឋផលនៃការស៊ើបអង្កេតករណីខាងលើនេះ និងបានសម្រេចដោះលែងឈ្មោះ ឃន ឈុនតារា និងឈ្មោះតាំង គីមហៀង និងសម្រេចបន្តការស៊ើបអង្កេត ស្រាវជ្រាវ ប្រភពនៃការផលិតរូបភាពអាសអាភាស ដែលត្រូវបានចែកចាយលើបណ្តាញសង្គម ដែលអំពើផលិតរូបភាព អាសអាភាសដើម្បីចែកចាយជាសាធារណៈនេះ គឺជាអំពីធ្វើអោយប៉ះពាល់ដល់ប្រពៃណីខ្មែរ សីលធម៌សង្គម និងសេចក្តីថ្លថ្នូររបស់ស្ត្រី និងដែលត្រូវផ្តន្ទាទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ, សុខ ខេមរា