ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានសំលេងមនុស្សស្រែកឲ្យជួយ ខណៈដែលហាងលក់សម្លៀកបំពាក់យីហោ ឌីយ៉ាម៉ង់ នៅម្តុំផ្សារតាប៉ាងបានផ្ទុះសេខ្សែរភ្លើងម៉ាសីុនទូរទឹកកកបង្កឲ្យឆាប់ឆេះ ធ្វើឲ្យបុគ្គលិកដែលកំពុងតែដេកលង់លក់ដឹងខ្លួនឡើង ភ័យនាំគ្នារត់ចែកជើងគ្នា រកកូនសោចាក់ទ្វារផ្ទះមិនឃើញ តែសំណាងល្អត្រូវកម្លាំងនគរបាលខណ្ឌដូនពេញសហការជាមួយនគរបាលការិយាល័យពន្លត់អគ្គីភ័យជួយអន្តរគមន៍ទាន់ពេលវេលា ដោយវាយកំទ្ទេចសោរទ្វាររំដោះបុគ្គលិកទាំងអស់នោះចេញទាន់ពេល ហើយមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ តែខូចខាតទ្រព្យសម្បត្តិអស់ជិត៧មឺុនដុល្លារអាមេរិក ។
ករណីអគ្គីភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចហាងលក់សម្លៀកបំពាក់បុរសយីហោ ឌីយ៉ាម៉ង់ ទីតាំងផ្ទះលេខ៤០Eo តាមផ្លូវលេខ១៣៦ កែងផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
ថៅកែហាងត្រូវបានស្គាល់ឈ្មោះចាប មួយហេង ភេទប្រុស អាយុ៣៥ឆ្នាំ ។
តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាមោ៉ង៣ទៀបភ្លឺគេឃើញមានផ្សែងហ៊ុយចេញពីក្នុងហាងលក់សំលៀកបំពាក់ខាងលើនេះ និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ម្ចាស់ហាង និងបុគ្គលិកដែលកំពុងតែដេកលង់លក់នៅក្នុងហាងនោះ ដោយនាំគ្នាស្រែកឆោឡោឲ្យគេជួយនិងខ្លះទៀតរត់មករកកូនសោចាក់ទ្វារផ្ទះដើម្បីចាកទ្វារចេញ តែរកមិនឃើញ ព្រោះតែការភ័យស្លន់ស្លោ និងផ្សែងហ៊ុយខ្លាំងពេក ។បន្ទាប់មកគេឃើញប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបាននាំគ្នាជួយអន្តរាគមន៍យកបំពង់ពន្លត់មកបាញ់ទប់ស្ការ ហើយកម្លាំងនគរបាលខណ្ឌដូនពេញនិងនគរបាលពន្លត់អគ្គីភ័យចុះមកបាញ់ដោយប្រើរថយន្តពន្លត់អគ្គីភ័យអស់ចំនួន៧គ្រឿង បាញ់ទឹកអស់១៥ឡានស្មើរនិង១០០គូប ទើបរលត់ទៅវិញនៅវេលាម៉ោង៦និង១៥នាទីថ្ងៃដដែរ ។
ក្រោយកើតហេតុយោងតាមការសនិ្នដ្ឋានរបស់សមត្ថកិច្ចនគរបាលពន្លត់អគ្គីភ័យ បានឲ្យដឹងថាមូលហេតុនៃការឆេះនេះគឺបណ្ដាលមកពីផ្ទុះសេខ្សែរភ្លើងទូរទឹកកក ហើយទ្រព្យសម្បត្តិដែលខូចខាតគិតជាប្រាក់ស្មើនិង៧មឺុនដុល្លារអាមេរិក ។ ស ដារ៉ា