ខេត្តកំពត៖ បេីយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត នៅរសៀលថ្ងៃអាទិត្យទី២០ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសព័ត៍មានស្តីពីការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៣០នាក់បន្ថែមទៀត។
នៅក្នុងសេចក្តីប្រកាសព័ត៍មានខាងលេីនេះ បានបញ្ជាក់ថា ដោយយោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ១៩ និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលគឺបានរកឃើញអ្នកជំងឺកូវីដ១៩ថ្មី ចំនួន៣០នាក់ និងព្យាបាលឱ្យជាសះស្បើយ១៥៨នាក់។ ចំពោះការរកឃើញថ្មីបន្ថែមនេះ បានធ្វើឱ្យអ្នកវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងហេតុការណ៍នៅកាស៊ីណូក្បែរច្រកទ្វារទ្វេភាគីទាន់ហន់កើនដល់ ១.០៣១នាក់។
ប្រភពដដែល បានបញ្ជាក់បន្ថែមថា ករណីអ្នកឆ្លងជំងឺកូវីដ-១៩នៅខេត្តកំពត គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកជំងឺសរុបចំនួន១.០៣១នាក់។ ក្នុងនោះកំពុងសម្រាកព្យាបាល៤៤១នាក់ ជាសះស្បើយ៥៨០នាក់ និងស្លាប់ចំនួន ១០នាក់។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ដែលបានប៉ះពាល់ ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតី ដូចជា៖ ឡើងកម្ដៅលើសពី៣៧អង្សាសេ ក្អក កណ្ដាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម…។ល។ ត្រូវប្រញ៉ាប់ទំនាក់ទំនងទៅក្រុម ឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរ មូលដ្ឋានរបស់ខ្លួន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន មេត្តាជ្រាប ជាព័ត៌មាន និងបន្តចូលរួមអនុវត្តតាមវិធានការ “៣ការពារ ៣កុំ” ជាដាច់ខាត៕ដោយ៖សហការី