ខេត្តសៀមរាប៖ ដោយអនុវត្តតាមលក្ខន្តិកៈរបស់សមាគមន៍មិត្តនគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ នៅអធិការដ្ឋាននគរបាលស្រុកសូនិគម បានរៀបចំពិធីប្រគល់ថវិកាសមាគមន៍មិត្តនគរបាលជាតិកម្ពុជា ជូនដល់ក្រុមគ្រួសារសព លោកព្រិន្ទបាលឯក ឈុំ សារុំ ជាមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសូនិគម ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦ វេលាម៉ោង៩ និង៤០នាទី ក្នុងជន្មាយុ ៤៦ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍។
ថវិការដែលប្រគល់ជូនគ្រួសារសពនាពេលនោះ សរុបទឹកប្រាក់ចំនួន៤លាន៩០ម៉ឺនរៀល និងអង្ករចំនួន៥០គីឡូក្រាម ក្នុងនោះថវិការរបស់អធិការដ្ឋាននគរបាលស្រុកចំនួន៩០ម៉ឺនរៀល និងអង្ករ៥០គីឡូក្រាម ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ឡាច សាវិន ស្នងការរងជាប្រធានការិយាលកណ្ដាលគ្រប់គ្រងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្ត ជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមន៍មិត្តនគរបាលជាតិកម្ពុជាខេត្តសៀមរាប ដោយមានការចូលរួមពី អស់លោកនាយ នាយរងការិយាល័យ លោកអធិការ អធិការរង និងមន្រ្តីនគរបាលជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ត្រី ឡាច សាវិន មានប្រសាសន៍ក្នុងពិធីប្រគល់ថវិកានោះថា តាំងនាមលោក ជំនួសមុខឲ្យ លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្ត និងអស់លោកជាថ្នាក់ដឹកនាំ សូមសម្ដែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព។ លោកបានមានប្រសាសន៍បន្តទៀតថា សពលោកព្រិន្ទបាលឯក ឈុំ សារុំ ជាមន្រ្តីនគរបាលម្នាក់ធ្លាប់មានស្នាដៃល្អជាច្រើន ក្នុងកិច្ចការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនជាតិមាតុភូមិ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងរយៈកាលកន្លងមក។
នៅក្នុងឱកាលនោះផងដែរក្រុមគ្រួសារសព បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្ត ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ឡាច សាវិន រួមទាំងអស់លោកជាថ្នាក់ដឹកនាំ ដែលបានអញ្ជើញមកចូលរួមរំលែកទុក្ខ ព្រមទាំងនាំយកថវិកា និងសម្ភារៈនាពេលនេះ និងសូមជូនពរ ដល់អស់លោកជាថ្នាក់ដឹកនាំអោយជូបតែពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពាលៈ កុំបីឃ្លៀងឃ្លាត់ឡើយ៕ សហការី