អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ បានដកស្រង់ចេញផ្សាយពីអាជ្ញាធរជប៉ុន បានបញ្ជាក់នៅថ្ងៃសៅរ៍នេះថា៖ មនុស្សយ៉ាងហោច ១៩នាក់ បានបាត់ខ្លួន ក្នុងករណីគ្រោះបំណាក់ដីដ៏ខ្លាំងក្លាមួយ បានវាយប្រហារលើលំនៅឋាន ក្នុងតំបន់ភាគនិរតីពីទីក្រុងតូក្យូ។
បើតាមក្រុមមន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយ នៅខេត្តស្ស៉ីហ៊្សូកា (Shizuoka) ភាគកណ្តាលប្រទេសជប៉ុន បានអះអាងថា គ្រោះរអិលបាក់ដីខាងលើនេះ គឺបានកើតឡើងនាវេលាព្រឹកថ្ងៃសៅរ៍ទី០៣ ខែកក្កដានេះ នៅក្រុងមួយកន្លែងឈ្មោះថា អាតាមី (Atami)។ បច្ចុប្បន្នក្រុមអ្នកជួយសង្រ្គោះ កំពុងខ្នះខ្នែងស្វែងរក មនុស្សយ៉ាងតិច១៩នាក់ ដែលបានបាត់ខ្លួនក្នុងហេតុការណ៍នោះ។
ដោយឡែកបេីយោងតាមរូបភាព និងវីដេអូពីប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសជប៉ុន ក៏បានបង្ហាញឱ្យឃើញគ្រោះបំណាក់ដីនោះ រអិលហូរបាក់ចុះពីជម្រាលភ្នំ ហើយសង្រ្គប់កាត់លំនៅឋានជាច្រើនខ្នង ដែលនៅលើផ្លូវរបស់វា។
គួរបញ្ជាក់ថា ប្រទេសជប៉ុន តាំងពីដើមសប្តាហ៍កន្លងទៅនេះ បានរងការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លា ជាពិសេសនៅតំបន់ភាគកណ្តាល រួមមានទាំងទីក្រុងតូក្យូ ដែលមានទឹកទន្លេកើនឡើងគួរឲ្យបារម្ភ និងប្រឈមហានិភ័យខ្ពស់ នៃគ្រោះរអិលបាក់ដីនេះ៕ដោយ៖ស តារា
រូបថត៖Reuters