អ្នកបាត់បង់ជីវិតដោយសាររលកកម្តៅនៅសហរដ្ឋអាមេរិក​៖​”ភាគច្រេីនជាមនុស្សចាស់ដែលរស់នៅតែម្នាក់ឯង នឹងលំនៅឋានដែលគ្មានម៉ាស៉ីនត្រជាក់ ឬកង្ហារ”

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន AP នៅព្រឹកថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​របាយការណ៍បឋមរបស់ទីក្រុងផតលែន (Portland) បានបញ្ជាក់ថា៖ មនុស្សភាគច្រើនដែលបានបាត់បង់ជីវិត ដោយសាររលកកម្តៅដ៏ខ្លាំងមួយ នៅក្នុងតំបន់ដែលមានប្រជាជនច្រើនបំផុត នៃរដ្ឋអូរ៉េហ្គន (Oregon) សហរដ្ឋអាមេរិក “គឺភាគច្រេីនជាមនុស្សចាស់ដែលរស់នៅតែម្នាក់ឯង នៅក្នុងលំនៅឋានដែលគ្មានម៉ាស៉ីនត្រជាក់ ឬកង្ហារ”។

ជាក់ស្ដែង​កាលពីថ្ងៃអង្គារទី១៣​ ខែកក្កដា​ម្សិលមិញនេះ​ អាជ្ញាធរ​បានគូសបញ្ជាក់​ថា៖​ ចំនួនអ្នកស្លាប់នៅក្នុងរដ្ឋ Oregon បានកើនឡើងដល់ ១១៦នាក់ហើយ ក្នុងនោះមាន ៧១នាក់ត្រូវបានរាយការណ៍ចេញពីសង្កាត់ មុលណូម៉ាហ៍ (Multnomah County) ជាតំបន់ដែលមានប្រជាជនច្រើនបំផុត ដែលស្ថិតនៅក្នុងទីក្រុង Portland ហើយពួកគេមានអាយុជាមធ្យម ៧០ឆ្នាំ។

បន្ថែមពីនេះ​ អាជ្ញាធរ​ ក៏បានគូសបញ្ជាក់ទៀតថា ជាង ៣ ភាគ ៤ នៃអ្នកស្លាប់ គឺជាអ្នករស់នៅតែម្នាក់ឯងនៅក្នុងអាផាតមិន ដែលគ្មានម៉ាស៉ីនត្រជាក់ ឬសូម្បីតែកង្ហារ ហើយជាង ៩០ភាគរយនៃអ្នកស្លាប់ គឺជាជនជាតិស្បែកស និង ៦៣ភាគរយគឺជាបុរស។

ដោយឡែក​ជុំវិញបញ្ហានេះ លោកស្រី ដេបូរ៉ាហ៍ កាហ្វួរី (Deborah Kafoury) ចៅសង្កាត់ Multnomah County បានលើកឡើងថា៖ “រលកកម្ដៅដែលបានកើតឡើងក្នុងតំបន់របស់យើង គ្រួសារ និងមិត្តភក្តិរបស់យើង គឺមានគ្រោះថ្នាក់ដល់អាយុជីវិត ហើយវាបានមកដល់មុនការទស្សន៍ទាយរបស់យើងទៅទៀត។ នេះជាការបម្រែបម្រួលអាកាសធាតុដែលយើងគ្រប់គ្នាខ្លាចនឹងកើតឡើងនៅថ្ងៃណាមួយ វាកំពុងតែកើតឡើងនាពេលបច្ចុប្បន្ននេះហើយ។ យើងទាំងអស់គ្នាត្រូវធ្វើការរួមគ្នា ដើម្បីត្រៀមប្រឈមមុខនឹងវា”។

គួរបញ្ជាក់ថា ក្នុងរយៈពេល ០៣ថ្ងៃជាប់ៗគ្នា សីតុណ្ហភាពនៅក្នុងទីក្រុង Portland បានកើនឡើងដល់កម្រិតក្ដៅខ្លាំង​ គឺរហូតដល់ទៅ ៤៧អង្សាសឯណោះ ខណៈអាជ្ញាធរបានព្យាយាមរៀបចំ ដោះស្រាយស្ថានការណ៍បន្ទាន់ឱ្យបានល្អបំផុត តាមដែលអាចធ្វើទៅបាន ដោយប្រែក្លាយបណ្ណាល័យនៅក្នុងតំបន់ដែលមានម៉ាស៊ីនត្រជាក់ចំនួន ០៩ ទៅជាមជ្ឈមណ្ឌលផ្ដល់ភាពត្រជាក់ ហើយក៏កំពុងព្យាយាមស្វែងរកមនុស្សដែលគ្មានផ្ទះសម្បែង ដើម្បីផ្តល់ទឹក និងភាពត្រជាក់ដល់ពួកគេបន្ថែមទៀតផងដែរ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print