ភ្នំពេញ៖ យុវជនម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍សំរោងក្រោមធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២១ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះជាម្ចាស់ម៉ូតូដែលត្រូវគេលួចយកមកពីខេត្តកំពង់ធំមកបញ្ចាំនៅភ្នំពេញកាលពីថ្ងៃទី២៨ ខែគុម្ភះ ឆ្នាំ២០១៦ ។
ជនសង្ស័យឈ្មោះបូ ផល ហៅសុខ ពៅ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ ព្រូរថយន្ត ស្នាក់នៅ ទីរួមខេត្តកំពង់ធំ មានស្រុកកំណើតភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។
ចំណែកម៉ូតូ ដែលជនសង្ស័យ បោកយកជិះគេចខ្លួនមកនោះ ម៉ាក ហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS-3982 មានម្ចាស់ ជាជនរងគ្រោះ ឈ្មោះ នន សៅសុវណ្ណ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិកំពង់ក្របៅ ឃុំកំពង់ក្របៅ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុបន្ទាប់ពីគាត់សម្រាកពីការងារពួកគាត់បាននាំគ្នាអង្គុយផឹកស្រា ខណះកំពុងផឹកស្រាប់តែឈ្មោះបូ ផល បានខ្ចីម៉ូតូយកទៅទិញទឹកកក ។ ជនរងគ្រោះបន្តទៀតថា ពេលដែលជនសង្ស័យជិះម៉ូតូចាកចេញ ទៅអស់យះពេលយូរទៅៗ រហូតដល់វេលាម៉ោង១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកុម្ភៈទៅហើយ គ្មានដំណឹង មិនឃើញមកវិញ ហើយបានខលទៅតែមិនចូល រកមើលកន្លែងស្នាក់នៅ ក៏មិនឃើញ លុះព្រឹកឡើង ប្តឹងសមត្ថកិច្ច នៅស្រុកស្ទឹងសែន ខេត្តកំពង់ធំ តែម្តង រួចហើយ បន្តតាមរក នៅស្រុកកំណើតរបស់គេក៏មិនដឹង មិនឃើញ អស់ជំនឿថារកមុខជនល្មើស ឃើញឡើយ ។ តែទីបំផុត នៅព្រឹកថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៦ បន្ទាប់ពី មានមិត្តភ័ក្រ ផ្សេងម្នាក់ទៀត ធ្វើដំណើរ កំពង់ធំ – ភ្នំពេញ កាត់តាមផ្លូវទំនប់កប់ស្រូវ ជារឿងចៃដន្យមួយ ស្រាប់តែប្រទះឃើញ ជនសង្ស័យ នៅត្រង់ចំណុចភូមិចែងម៉ែង សង្កាត់សំរោងក្រោម ក៏ទូរស័ព្ទប្រាប់ ឲ្យមកមើលតែម្តង ហើយក៏បានប្តឹងនគរបាលប៉ុស្តិ៍ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ឲ្យជួយអន្តរាគមន៍ ចាប់ឃាត់ខ្លួន ជនសង្ស័យ នាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍ ។
បន្ទាប់ពីធ្វើការឃាត់ខ្លួន ជនសង្ស័យយកមកសាកសួដោយសារតែមានពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ច ប៉ុស្តិ៍ សំរោងក្រោម ជួយឃាត់ ហើយរងចាំប្រគល់ទៅឲ្យ សមត្ថកិច្ច ខាងខេត្តកំពង់ធំវិញ ដើម្បីចាត់ការទៅតាមនីតិវិធី ខណៈដែលពាក្យបណ្តឹង ជនរងគ្រោះប្តឹងនៅកំពង់ធំ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាយកម៉ូតូគេហើយទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវដោយតម្លៃ៣០០ដុល្លា ៕សុខាសែនជ័យ