អន្តរជាតិ៖ អាជ្ញាធរវៀតណាម បានប្រកាសរកឃើញអ្នកទោស និងបុគ្គលិកចំនួន ៥០៦នាក់ នៅមជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀនបូឡា ក្នុងខេត្តបិញយឿង បានឆ្លងវីរុសកូរ៉ូណា ខណៈដែលធ្វើតេស្តិ៍ទ្រង់ទ្រាយធំដើម្បីរកមេរោគកូវីដ-១៩។
បេីតាមលោក ឡេ មិញតាន់ ប្រធានមន្ទីរ បានថ្លែងឱ្យដឹងនៅក្នុងកិច្ចប្រជុំរដ្ឋបាលក្រុង កាលពីថ្ងៃពុធទី២១ ខែកក្កដាម្សិលមិញនេះថា គ្រូពេទ្យមួយក្រុម នឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀនបូឡា ដើម្បីព្យាបាលអ្នកឆ្លងជំងឺទាំងអស់នោះ។
សូមរម្លឹកថា ការផ្ទុះឡើងកូវីដ-១៩ដំបូង បានកើតឡើងនៅថ្ងៃទី ១៧ ខែកក្កដានាពេលថ្មីៗនេះ នៅពេលបុគ្គលិកពីរនាក់មានអាការៈក្តៅខ្លួនបន្តិច និងឈឺក្បាល ហើយការធ្វើតេស្តិ៍រហ័សបានរកឃើញពួកគេវិជ្ជមានវីរុសកូរ៉ូណា។
គួរជម្រាបថា មន្ទីរមួយនេះគ្រប់គ្រងមណ្ឌលស្តារនីតិសម្បទាចំនួន ១២ កន្លែង ដោយមានមនុស្សសរុបជាង ១៤.០០០ នាក់នៅហូជីមិញ បិញឌួង និងខេត្តជិតខាងចំនួន ២ ទៀតគឺ ប៊ិញភឿកនិងដុងណៃ។ ជាក់ស្ដែង មជ្ឈមណ្ឌលនេះ ត្រូវបានគ្រប់គ្រងដោយមន្ទីរការងារយុទ្ធជនពិការ និងសង្គមកិច្ចក្រុងហូជីមិញ ប៉ុន្តែមានទីតាំងនៅឃុំភឿកហៅ ក្នុងស្រុកភូយ៉ាង នៃខេត្តជិតខាងក្រុងមួយនេះ។
បច្ចុប្បន្ន នៅក្នុងរលកកូវីដ-១៩ ដែលបានផ្ទុះឡើងនៅចុងខែមេសា កន្លងទៅនេះ ទីក្រុងហូជីមិញរកឃើញមានករណីកូវីដ-១៩ សរុបចំនួន ៤៣.៧៧៦ នាក់ហើយ និងបានក្លាយជាចំណុចកណ្តាលនៃការផ្ទុះកូវីដនៅក្នុងប្រទេស។ ខណៈដែលខេត្តបិញយឿង ត្រូវបានគេរាយការណ៍ថាមានករណីកូវីដចំនួន ៤.៧៥៣ ករណីហេីយ៕ដោយ៖សហការី