អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ The Nation បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលថៃ នៅថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១នេះថា៖ យោងតាមរាយការណ៍ប្រចាំថ្ងៃពីការបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៤,២៦០ករណី និងអ្នកជំងឺកូវីដចំនួន ១១៩នាក់បន្ថែមទៀតបានស្លាប់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មានថៃ The Nation នៅថ្ងៃដដែលនេះ បាននិយាយបន្ថែមថា ប្រមុខកងទ័ពថៃ លោកឧត្ដមសេនីយ៍ Narongphan Jitkaewtae នៅថ្ងៃសុក្រម្សិលមិញ ក៏បានចេញបទបញ្ជាឱ្យកងទ័ពចូលរួមចំណែកក្នុងការរៀបចំ ពិធីបុណ្យសពសម្រាប់អ្នកស្លាប់ដោយសារ COVID-19ផងដែរ។
ជាក់ស្ដែងក្រសួងសុខាភិបាលថៃ បានបញ្ជាក់ថា៖ ករណីឆ្លងថ្មីៗខាងលើនេះ គឺត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅផង និងអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៧,៦៣៧នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
បើតាមលោក Narongphan Jitkaewtae រាល់អង្គភាពកងទ័ពទាំងអស់មានអង្គភាពរៀបចំពិធីបុណ្យសពមួយ ដែលទទួលខុសត្រូវលើការរៀបចំពិធីបុណ្យសព សម្រាប់កងទ័ពដែលបានស្លាប់។ លោក Jitkaewtae បន្ថែមទៀតថា កងទ័ពនឹងប្រមូលសាកសពក៏ដូចជាកំណត់អត្តសញ្ញាណសពដើម្បីជួយសម្រួលដល់គ្រួសារ ជនរងគ្រោះក្នុងការបូជាសព។ អង្គភាពរៀបចំពិធីបុណ្យសពក៏អាចប្រើប្រាស់ជំនាញ និងចំណេះរបស់ខ្លួនក្នុងការប្រមូលសពនៅក្នុងសមរភូមិយកមកជួយ គ្រួសារជនរងគ្រោះស្លាប់ដោយសារ COVID-19 ដើម្បីរៀបចំពិធីបុណ្យសពផងដែរ។
គួរបញ្ជាក់ថា ប្រទេសថៃ បានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៤៨១,៩៦៧ករណី ក្នុងនោះមានអ្នកស្លាប់ ៣,៩៣០នាក់ និងអ្នកជាសះស្បើយ ៣២៧,៧៨៩នាក់ គិតត្រឹមរហូតមកទល់ពេលនេះ។
ដោយឡែក សម្រាប់ការចាក់វ៉ាក់សាំងវិញ ប្រទេសថៃ សម្រេចបាន ១៥.៤លានដូស ក្នុងនោះប្រជាជន ៣.៥៨លាននាក់ (៥.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ដោយ៖ស តារា