ភ្នំពេញ៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ នៅវេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បាននាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ-បរិភោគ ៣០ គ្រួសារ ជូនដល់ប្រជាពលរដ្ឋ មានជីវភាព ខ្វះខាត ដែលជាប់ធ្វើចត្តាឡីស័ក ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ បានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខ ពីសំណាក់ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម រាជធានីភ្នំពេញ និង ផ្តាំការសាកសួរសុខទុក្ខពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងថ្នាក់ដឹកនាំខណ្ឌមានជ័យ ជាពិសេស ការនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ហើយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” ។
ទន្ទឹមនឹងនេះ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌ បានបន្តទៀតថា បងប្អូនប្រជាពលរដ្ឋ ទាំង ៣០គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនាពេលនេះ សូមបន្តយកចិត្តទុកដាក់ធ្វើចត្តាឡីស័កអោយបានគ្រប់ចំនួនថ្ងៃ ដែលក្រសួងសុខាភិបាលបានកំណត់ ។ ជាមួយគ្នានេះដែរ លោកប្រធាន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ខិតខំយកចិត្តទុកដាក់គិតគូរជានិច្ចពី សុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និង រក្សាអនាម័យ ជាពិសេសអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣ការពារ និង ៣កុំ ក៍ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និង បង្ការការរីករាលដាលនៃ ជំងឺកូវីដ-១៩ ដែលកំពុងតែកើតមាននៅសហគមន៍នាពេលនេះ។
បន្ថែមពីនេះ លោក ឌី រ័ត្នខេមរុណ សូមអំពាវនាវបងប្អូនកុំប្រមូលផ្តុំ ជួបជុំគ្នាហើយ ប្រសិនបើគ្មានការចាំបាច់ទេ សូមបងប្អូនកុំចេញក្រៅផ្ទះអោយសោះដើម្បី ជៀសវាង ការរីករាលដាលឆ្លងកីវីដ-១៩ ។
អំណោយមនុស្សធម៌ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូ , មី ១កេស, ត្រីខ កំប៉ុង ១យួរ, ទឹកសុទ្ធ ១ យួរ, ទឹកត្រី ១ យួរ ដើម្បីប្រើប្រាស់ និងសម្រួលដល់ជីវភាពប្រចាំថ្ងៃផងដែរ៕ដោយ៖ស តារា