កិច្ចប្រជុំស្ដីពីសន្ដិភាពនៅក្នុងប្រទេស ស៊ីរីកំពុងតែធ្វើឡើងយ៉ាងមមាញឹកក្នុង រយៈពេល១០ថ្ងៃចាប់ផ្ដើមពីថ្ងៃទី១៤ដល់ ថ្ងៃទី២៤ ខែមីនា នេះក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៉ីស។ ការប្រឹងប្រែងនៅនា ទីចុងក្រោយរបស់លោក ឃើរី គឺមកពី លោកចង់ឱ្យកិច្ចចរចានៅសបា្ដហ៍ក្រោយ ប្រព្រឹត្ដទៅបានល្អដូចបានគ្រោងទុក ពោល គឺមិនចង់ឱ្យមានភាពរអាក់រអួលដូចកើត មាននាពេលកន្លងមកនោះទេ។
ចូរកុំ ភ្លេចថា គឺដោយសារតែបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ទើបជំរុញឱ្យ ភាគីជម្លោះផ្ទៃក្នុងស៊ីរីយល់ព្រមចូលអង្គុយតុចរចា។ អាមេរិកមិនចង់ឱ្យកិច្ចចរចា នោះបរាជ័យឡើយ ពីព្រោះថាមានន័យ ស្មើនឹងបរាជ័យរបស់នយោបាយការទូតអាមេរិក និងរុស្ស៊ី។ រហូតមកដល់ថ្ងៃ នេះភាគីជម្លោះផ្ទៃក្នុងស៊ីរីបានប្រកាសយល់ព្រមចូលរួមនៅក្នុងកិច្ចចរចា តែ គេក៏ហ៊ានទទួលស្គាល់ថា អាចនឹងមាន ភាគីណាមួយបដិសេធមិនចូលរួមនៅ នាទីចុងក្រោយដូចដែលធ្លាប់មានកន្លងមក ពិសេសគឺភាគីខាងក្រុមប្រឆាំង។
កិច្ចចរចាស្វែងរកសន្ដិភាពឱ្យស៊ីរីដែល គ្រោងបើកធ្វើនៅសបា្ដហ៍ក្រោយបានធ្វើឡើងចំខួបគម្រប់៥ឆ្នាំនៃការងើបបះបោរ របស់ប្រជាជនស៊ីរីប្រឆាំងនឹងរដ្ឋាភិបាលលោកអាសាដ។ ការងើបបះបោរដែល បានប្រែក្លាយទៅជាសង្គ្រាមស៊ីវិលដោយ បានបណ្ដាលឱ្យមានមនុស្សស្លាប់២៥ ម៉ឺននាក់និងមានជនភៀសខ្លួនជាច្រើន លាននាក់នៅអឺរ៉ុបនិងមជ្ឈិមបូព៌ាក្នុង រយៈពេល៥ឆ្នាំកន្លងទៅ ។
មានប្រធានបទសំខាន់ចំនួន៣ដែលកិច្ចចរចាគ្រោងនឹងលើកយកទៅជជែក នៅសបា្ដហ៍ក្រោយនោះ ទី១-ការបង្កើតរដ្ឋា ភិបាលអន្ដរកាលមួយដែលមានការចូល រួមពីគ្រប់ភាគីជម្លោះ ទី២-ការរៀបចំ តាក់តែងរដ្ឋធម្មនុញ្ញថ្មី និងទី៣-ការរៀប ចំបោះឆ្នោតប្រធានាធិបតី និងសភា។ នៅក្នុងការរៀបចំបោះឆ្នោតប្រធានាធិបតី និងសភានេះត្រូវបានលោក ស្ដេហ្វាន មីស្ទូរ៉ា ប្រេសិតពិសេសរបស់អង្គការ សហប្រជាជាតិទទួលបន្ទុកវិបត្ដិស៊ីរី បញ្ជាក់នៅថ្ងៃសុក្រ ទី១១ ខែមីនាថា គ្រោងធ្វើនៅ១៨ខែទៀតដោយរាប់ចាប់ពីថ្ងៃទី១៤ ខែមីនា ទៅដែលជាថ្ងៃបើក កិច្ចចរចាហើយការរៀបចំបោះឆ្នោតនឹង ត្រូវរៀបចំឡើងដោយអង្គការសហប្រជាជាតិ។ ក៏ប៉ុន្ដែទោះបីជាភាគីជម្លោះ យល់ព្រមលើកយកប្រធានបទសំខាន់ ទាំង៣ទៅជជែកក៏ដោយក៏រឿងទាក់ទង នឹងបុគ្គលអាសាដនៅបន្ដជាឧបសគ្គ ដែលមិនងាយនឹងដោះស្រាយរួច។ ក្រុម ប្រឆាំងដែលបានយល់ព្រមទៅចូលរួម កិច្ចចរចានៅតែអះអាងថា អនាគតស៊ីរី មិនមានកន្លែងសម្រាប់លោក អាសាដ ទេ។ តែយ៉ាងណាក៏ដោយនៅចំពោះមុខ ពេលនេះភាគីក្រុមប្រឆាំងនិងភាគីបស្ចិម លោកហាក់ដូចមិនចង់លើកយកបុគ្គលអាសាដធ្វើជាឧបសគ្គចម្បងដូចដែល ពួកគេធ្លាប់បានទាមទារកន្លងមកនោះទេ ។
ជិតមួយសបា្ដហ៍បន្ទាប់ពីបទឈប់បាញ់ បណ្ដោះអាសន្នបានចូលជាធរមាននៅស៊ីរីយោងតាមក្រុមការងារសង្កេតការណ៍ បទឈប់បាញ់នេះឃើញថាភាគីទាំងអស់បានគោរព អនុវត្ដវាជាទូទៅ។ ចំនួន មនុស្សស្លាប់មានការថយចុះ ឯក្រុមការ ងារមនុស្សធម៌កំពុងព្យាយាមដឹកជំនួយ ស្បៀងអាហារទៅជួយប្រជាជនស៊ីរី ប្រមាណជាជាង៥លាននាក់ ដែលត្រូវ ហ៊ុមព័ទ្ធដោយសមរភូមិប្រយុទ្ធ។ ក៏ប៉ុន្ដែ ការទម្លាក់អាវុធបណ្ដោះអាសន្ននេះនៅ តែមានភាពផុយស្រួយដដែល ព្រោះ ភាគីទាំងអស់អាចចាប់យកអាវុធវិញ គ្រប់ពេល ។
“សម្រាប់ពេលនេះស្ថានភាពនៅស៊ីរី អាចសរុបបានថា វានៅមានភាពផុយ ស្រួយ។ ជោគជ័យនៃបទឈប់បាញ់បណ្ដោះ អាសន្ននៅមិនទាន់អាចធានាបាន១០០ភាគរយទេ។ ប៉ុន្ដែយើងអាចសង្កេត ឃើញនូវចំណុចប្រសើរមួយចំនួនធំ បើមិនជឿសួរប្រជាជនស៊ីរីខ្លួនឯងចុះ។ នេះគឺជាប្រសាសន៍របស់លោក ស្ដេហ្វាន ដឺមីស្ទូរ៉ា ប្រេសិតរបស់អង្គការសហ ប្រជាជាតិទទួលបន្ទុកកិច្ចការស៊ីរីក្រោយពីបញ្ចប់កិច្ចប្រជុំជាមួយនឹងក្រុមការងារ ឃ្លាំមើលការទម្លាក់អាវុធ ។
លោកប្រេសិតពិសេសបានបន្ដថា ធម្មតាទេនៅក្នុងបទឈប់បាញ់បណ្ដោះ អាសន្នណាក៏ដោយគឺមិនមានការដាក់ អាវុធឈប់បាញ់ទាំងស្រុង១០០ភាគរយដែរ ពោលគឺតែងតែមានការបាញ់បោះ ត្រង់នេះបន្ដិចត្រង់នោះបន្ដិចជារឿយ។ជាក់ស្ដែងនៅស៊ីរីការប្រយុទ្ធតបតគ្នានៅ មានដោយកន្លែងដូចជានៅក្បែរក្រុងដាម៉ាស តំបន់ហូមស៍និងតំបន់ហាម៉ា ជាដើម។ ប៉ុន្ដែសរុបជារួមការប្រយុទ្ធ បាញ់បោះការទម្លាក់គ្រាប់បែកបានថយចុះគួរឱ្យកត់សម្គាល់បន្ទាប់ពីបទឈប់ បាញ់បានចូលជាធរមាននៅយប់ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ មក។ ក្រុមការងារឃ្លាំមើល ដំណើរការឈប់បាញ់បានប្រជុំជាញឹកញាប់ នៅក្រុងហ្សឺណែវ ដោយមានការទាមទារ ពីសំណាក់លោក ហ្សង់ម៉ាក អេរ៉ូ រដ្ឋមន្ដ្រី ការបរទេសបារាំង។
ជាការពិតបើយោង តាមតួលេខរបស់ក្រុមការងារឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរីបានឱ្យដឹងថា ចាប់ តាំងពីការទម្លាក់អាវុធបណ្ដោះអាសន្ន បានចូលជាធរមានចំនួនអ្នកស្លាប់ដែលជាប្រជាជនស្លូតត្រង់បានថយចុះយ៉ាង ច្រើន។ កាលពីមុនមានបទឈប់បាញ់ ចំនួនប្រជាជនស្លូតត្រង់ស្លាប់ក្នុងមួយថ្ងៃៗ ប្រមាណជា៣៨នាក់។ ប៉ុន្ដែសរុបពេល មួយសបា្ដហ៍បន្ទាប់ពីមានបទឈប់បាញ់មានអ្នកស្លាប់តែ២៤នាក់ប៉ុណ្ណោះ។
ករណី ថ្ងៃទី២៦ ខែកុម្ភៈ មុនពេលបទឈប់បាញ់ ចូលជាធរមានមួយថ្ងៃគឺជាករណីពិសេស ព្រោះកងទ័ពរុស្ស៊ីបានសម្រុកទម្លាក់គ្រាប់ បែកដោយក្នុងថ្ងៃនោះមួយថ្ងៃមានអ្នកស្លាប់ដល់ទៅ៦៨នាក់ជាប្រជាជនស្លូត ត្រង់។ យ៉ាងណាមិញកាលពីថ្ងៃពុធ ទី២ ខែមីនា អង្គការអូតង់បានចោទប្រកាន់ កងទ័ពរុស្ស៊ីថា បានទម្លាក់គ្រាប់បែកលើ ប្រជាជនស៊ីរីស្លូតត្រង់ ហើយដោយសារ តែគ្រាប់បែកទម្លាក់ឥតរើសមុខរបស់ រុស្ស៊ីនេះហើយ ទើបប្រជាជនស៊ីរីរាប់ លាននាក់នាំគ្នារត់ចោលផ្ទះសម្បែងទៅសុំសិទ្ធិជ្រកកោននៅទ្វីបអឺរ៉ុប។ ដូច គ្នាដែរកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ប្រធានាធិបតីបារាំងនិងលោកនាយករដ្ឋមន្ដ្រីអង់គ្លេសបានព្រមព្រៀងគ្នាធ្វើសេចក្ដីអំពាវនាវរួមមួយដោយទទូចសុំឱ្យរុស្ស៊ី ឈប់ធ្វើការទម្លាក់គ្រាប់បែកទៅលើក្រុម ឧទ្ទាមកណ្ដាលនិយមនៅស៊ីរីតទៅទៀត ៕ ម៉ែវ សាធី