ភ្នំពេញ៖ យុវជនម្នាក់ត្រូវក្រុមជនសង្ស័យមួយក្រុមមានគ្នាបួននាក់ប្រដាប់ដោយដាវនិងកាំភ្លើងខ្លីមួយដើមធ្វើសកម្មភាពកាប់និងគំរាមបាញ់ប្លន់យកម៉ូតូឌ្រីមសង់សេរីឆ្នាំ២០១៦ មួយគ្រឿងខណៈដែលជនរងគ្រោះជិះម៉ូតូមកយកសង្សានៅខាងមុខវិទ្យាល័យព្រះសីុសុវត្ថិ។
ហេតុការណ៍កាប់ប្លន់និងគំរាមបាញ់ដ៏សាហាវនេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៦ នៅចំណុចខាងមុខវិទ្យាល័យព្រះសីុសុវត្តិ តាមបណ្ដោយមហាវិថីព្រះនរោត្តមកែងនិងផ្លូវលេខ១៨៤ ក្នុងសង្កាត់ ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ កេត សុភ័ក្ត្រា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅផ្ទះលេខ២៨៤៣ ផ្លូវលំ ភូមិខ្នរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ចំណែកម៉ូតូដែលត្រូវក្រុមជនសង្ស័យយកទៅនោះម៉ាកឌ្រីមC125សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CS-9881 ។
បើតាមការរៀបរាប់ពីនារីជាសង្សាររបស់ជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទើបតែចេញពីខារ៉ាអូខេ ហ្សង់ឡឺហ្សេ ហើយបានតេទូរស័ព្ទហៅរូបនាងអោយមកជួយឌុបផងព្រោះរូបគេស្រវឹង ហើយក៏បានណាត់ជួបគ្នានៅខាងមុខវិទ្យាល័យព្រះសីុសុវត្ថិ។ ពេលនោះរូបនាងបានជិះតាក់សីុចេញពីផ្ទះមកឈប់ចាំនៅខាងមុខវិទ្យាល័យព្រះសីុសុវត្ថិបានមួយសន្ទុះជនរងគ្រោះក៏បានមកដល់ដែរ។
ប្រភពបានបន្តថា ពេលដែលជនរងគ្រោះបានឈប់ម៉ូតូភ្លាម ស្រាប់លេចមុខក្រុមជនសង្ស័យមួយក្រុមមានគ្នាបួននាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងនិងមួយគ្រឿងទៀតមិនចាំម៉ាកនិងប្រដាប់ដោយដាវសាំម៉ូរៃមួយដើមនិងកាំភ្លើងខ្លីមួយដើម បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះនិងដកកាំភ្លើងគំរាមបាញ់ថែមទៀត។ ក្រោយពីកាប់រួចជនសង្ស័យបានយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោលសូន្យឈឹង។
ក្រោយពីកើតហេតុជនរងគ្រោះបានទំនាក់ទំនងទៅមិត្តភ័ក្រអោយមកជួយដឹកទៅព្យាបាលរបួសនៅមន្ទីរពេទ្យ ក្រោយមកទើបទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ផ្សារថ្មី៣ ដោយខ្លួនឯង។
សូមបញ្ជាក់ថានៅក្នុងទឹកដីខណ្ឌដូនពេញគឺតែងតែមានករណីប្លន់ប្រដាប់អាវុធនិងករណីឆក់កាបូបពីជនជាតិខ្មែរក៏ដូចជាជនបរទេសស្ទើរតែជារៀងរាល់យប់ តែមិនដែលឃើញកម្លាំងសមត្ថកិច្ចបង្ក្រាបបានម្ដងណាឡើយ៕ដោយ៖ ព្រែកជ័យ