អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន AFP នារសៀលថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានដកស្រង់ចេញផ្សាយពីទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានប្រកាសនៅថ្ងៃសុក្រនេះដែរថា៖ ប្រជាជនជប៉ុនរាប់ម៉ឺននាក់ ត្រូវបានអាជ្ញាធរបង្គាប់ឱ្យជម្លៀសទៅរកទីកន្លែងសុវត្ថិភាព ខណៈដែលភ្លៀងធ្លាក់យ៉ាងគំហុកបាននិងកំពុងវាយប្រហារ ខេត្តស្ថិតនៅភាគខាងលិចប្រទេស បានក្លាយជាគ្រោះទឹកជំនន់ និងបង្កឱ្យមានការបាក់ដីបន្ថែមទៀត។
បេីតាមអាជ្ញាធរឧតុនិយមជប៉ុន បានគូសបញ្ជាក់ថា ភ្លៀងធ្លាក់យ៉ាងសន្ធប់បានចាប់ផ្តើមកើតមានឡើង នៅថ្ងៃសុក្រនេះតែម្តង ហើយវានឹងបន្តអូសបន្លាយប្រមាណពីរទៅបីថ្ងៃទៀត ហើយតំបន់ភាគខាងជើង និងភាគខាងត្បូងជប៉ុន ក៏នឹងទទួលរងឥទ្ធិពលនេះផងដែរ។
ជាមួយគ្នានេះ ទីភ្នាក់ងារឧតុនិយមជប៉ុន JMA បានប្រកាសអាសន្នទុកជាមុន និងបង្គាប់ឲ្យប្រជាជនជម្លៀស ដោយសារតែខ្លួនបានព្យាកររួចហើយថា គ្រោះមហន្តរាយអាក្រក់ៗផ្សេងទៀតនឹងកើតមានឡើង។ ជាក់ស្ដែងខេត្ត ហ៊ីរ៉ូស៊ីម៉ា (Hiroshima) របស់ជប៉ុន បានរងការវាយប្រហារដោយភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈប្រជាជនសរុបជិត ៧០,០០០នាក់ ត្រូវបានបង្គាប់ឲ្យជម្លៀស ទៅរកទីកន្លែងមានសុវត្ថិភាព។ ការបង្គាប់ឲ្យជម្លៀសត្រូវបានធ្វើឡើង ក្រោយពីអាជ្ញាធរបានពិនិត្យឃើញថា កម្រិតទឹកនៅតាមដងទន្លេចំនួន ៣ នៃខេត្ត Hiroshima និងខេត្ត គូម៉ាម៉ូតុ (Kumamoto) ដែលនៅជាប់គ្នាបានកើនឡើង លើសពីកម្រិតប្រកាសអាសន្ន៕
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រជាជនជប៉ុនរាប់សែននាក់ នៅខេត្តណាហ្គាសាគី (Nagasaki) និងផ្នែកផ្សេងទៀតនៃកោះគីស៊ូ (Kyushu) ភាគនិរតីប្រទេសជប៉ុន ត្រូវបានស្នើឱ្យជម្លៀសខ្លួន ដើម្បីគេចចេញពីទឹកជំនន់ និងហានិភ័យនៃការបាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។ បន្ទាប់ពីការព្រមានដែលចេញដោយទីភ្នាក់ងារឧតុនិយមជប៉ុននេះ ធ្វើឡើងនៅពេលដែលព្យុះភ្លៀង បាននិងកំពុងបោកបក់ឆ្ពោះទៅកាន់ភាគខាងលិច៕ដោយ៖ស តារា