ក្រុម Napoli បានដណ្តើមយកចំណាត់ថ្នាក់កំពូលក្នុងក្របខ័ណ្ឌ Serie A វិញ ខណៈដែលខ្សែប្រយុទ្ធ Victor Osimhen បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងជ័យជម្នះ ៤-០ ដ៏គួរឱ្យចាប់អារម្មណ៍នៅលើទឹកដីក្រុម Sampdoria កាលពីថ្ងៃព្រហស្បតិ៍ដែលជាជ័យជម្នះលើកទី៥ជាប់ៗគ្នារបស់ពួកគេ។ ក្រុមរបស់លោក Luciano Spalletti មាន២ពិន្ទុដាច់ក្រុមលេខ២ Inter Milan និង AC Milan ដោយមាន ១៥ពិន្ទុ ដោយរកបាន១៤គ្រាប់ និងរបូតវិញ២គ្រាប់ក្នុង៥ប្រកួតរបស់ពួកគេ។ ៤គ្រាប់របស់ក្រុមភ្ញៀវ Napoli រកបានដោយកីឡាករ Victor Osimhen ២គ្រាប់គឺនៅនាទីទី១០ និងនាទីទី៥០ ខណៈដែល២គ្រាប់ទៀតរកបានដោយកីឡាករ Fabian Ruiz នៅនាទីទី៣៩ និងកីឡាករ Zieliński នៅនាទីទី៥៩។ Osimhen បាននិយាយក្រោយចប់ការប្រកួតថា “សម្រាប់ខ្ញុំវាសំខាន់ក្នុងការចាប់ផ្តើមឱ្យបានល្អនេះផ្តល់ឱ្យខ្ញុំនូវទំនុកចិត្តក្នុងការរកគ្រាប់បាល់បន្ថែមទៀត។ លោក Spalletti បានជួយខ្ញុំដោយជំនឿដែលគាត់បានផ្តល់ឱ្យខ្ញុំ ហើយខ្ញុំសង្ឃឹមថានឹងសងវិញ។ ខ្ញុំមានកិត្តិយសដែលមានគ្រូបង្វឹកដូចគាត់”។
ចំណែកកីឡាករ Tammy Abraham រកបានគ្រាប់បាល់តែមួយគ្រាប់ប៉ុណ្ណោះ ជួយឲ្យក្រុម Roma បានយកឈ្នះក្រុម Udinese ដើម្បីឡើងទៅឈរនៅលេខ៤ក្នុងតារាង Serie A។
ក្រុម Roma បានរងបរាជ័យជាលើកដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការ Jose Mourinho ទល់នឹងក្រុម Verona កាលពីថ្ងៃអាទិត្យ ប៉ុន្តែការបញ្ចប់ទីរបស់កីឡាករ Abraham ពីការបញ្ជូនបាល់របស់ Riccardo Calafiori បានធ្វើឱ្យវាទទួលបានជ័យជំនះ៤លើកពីការប្រកួតលីក៥លើក។
ពួកគេតាមពីក្រោយក្រុម Napoli ៣ពិន្ទុបន្ទាប់ពីក្រុមបានរក្សាការចាប់ផ្តើមរដូវកាលដំបូងឈ្នះ១០០% ជាមួយនឹងជ័យជម្នះ ៤-០ លើក្រុម Sampdoria ។
Tammy Abraham ដែលបានចូលរួមពីក្រុមតោខៀវ Chelsea ក្នុងតម្លៃ៣៤លានផោនកាលពីខែសីហាបានស៊ុតបញ្ចូលទី៣គ្រាប់ក្នុង៧ប្រកួតសម្រាប់ក្រុម Roma និង២គ្រាប់ក្នុងការបង្ហាញខ្លួន៥ប្រកួតនៅក្របខ័ណ្ឌ Serie A ។ ក្រុមរបស់លោក Mourinho ដែលបានកត់ត្រាជ័យជម្នះ៦លើកជាប់ៗគ្នានៅក្នុងការប្រកួតទាំងអស់មុនពេលចាញ់ ៣-២ នៅលើទឹកដីក្រុម Verona ។
ដោយឡែកក្រុម Lazio បានប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះ Torino ១ទល់១ ដោយកីឡាករ Ciro Immobile របស់ក្រុម Lazio បានស៊ុតបាល់ប៉េណាល់ទីនៅម៉ោងបន្ថែមដើម្បីជួយសង្គ្រោះលទ្ធផលស្មើគ្នា ប៉ុន្តែក្លិប Lazio បានបង្ហាញពីទម្រង់លេងដ៏ល្អមួយទៀតក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Maurizio Sarri ។ បច្ចុប្បន្នក្រុម Lazio ឈរនៅលេខ៧ដោយមាន៨ពិន្ទុ ខណៈដែលក្រុម Torino មាន៧ពិន្ទុតាមពីក្រោយ ។
ងាកមកក្រុម Inter Milan និង AC Milan វិញនៅតែមិនស្គាល់ចាញ់ ហើយឈរ១ពិន្ទុពីលើ Roma ។ ក្រុម Inter Milan បានឈ្នះ ៣-១ ទៅលើក្រុម Fiorentina កាលពីថ្ងៃអង្គារ ខណៈដែលក្រុម AC Milan បានផ្តួលក្រុម Venezia ២-០ ហើយក្រុម Juventus ដែលកំពុងតស៊ូបានទទួលជ័យជម្នះជាលើកដំបូងរបស់ពួកគេក្នុងការប្រកួតប៉ះនឹងក្រុម Spezia ៕
(រូបភាព ៖ Reuters)ដោយ៖ភារៈ