យោងកំណត់ហេតុចុះពិនិត្យបញ្ចប់ និងប្រគល់ទទួលស្តារឡើងវិញនូវកំណាត់ផ្លូវជាតិលេខ០៥ ដែលមាន០៤គន្លង ពីព្រំប្រទល់ខេត្តបាត់ដំបង ដល់ក្រុងសិរីសោភ័ណ ដែលផ្លូវ០១ខ្សែនេះក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន ត្រូវបានបើកឲ្យដំណើរការជាផ្លូវការដោយយានយន្តគ្រប់ប្រភេទអាចធ្វើចរាចរណ៍ឆ្លងកាត់ដែលមាន០៤គន្លងនិងមានរបងបែងចែកទ្រូងផ្លូវចំកណ្តាល ដោយសងខាងមានផ្លូវ០២គន្លងចរាចរណ៍ទៅមកពីខេត្តបន្ទាយមានជ័យទៅខេត្តបាត់ដំបង ។
ដើម្បីបញ្ចៀសនូវបញ្ហាគ្រោះថ្នាក់ផ្សេងៗ ពិសេសគឺគ្រោះថ្នាក់ចរាចរណ៍ដោយប្រការណាមួយកើតឡើងនោះ នៅថ្ងៃចុងសប្តាហ៍កន្លងមកនេះ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តបន្តាយមានជ័យ បានសហការជាមួយនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានចុះធ្វើការអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបើកបរយានយន្តគ្រប់ប្រភេទ ចរាចរណ៍ឆ្លងកាត់លើផ្លូវធំមាន០៤គន្លងនេះ ដោយម្ខាងមាន០២គន្លង បានយល់ជ្រាបនិងមានស្មារតីទទួលខុសត្រូវខ្ពស់នៅពេលប្រើប្រាស់ផ្លូវនេះ ដោយគោរពនូវច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន គោរពគំនូសបែងចែកទ្រូងផ្លូវ មើលពីស្លាកសញ្ញានិងពិនិត្យពីស្ថានភាពវ៉ាជែង ដើម្បីឱ្យការធ្វើដំណើរនោះប្រកបដោយសុវត្ថិភាព ជាការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍មកនៅកម្រិតទាប បំផុតនិងចូលរួមថែរក្សាផ្លូវ ថ្នល់ ស្ពាន ដើម្បីធានាបានការប្រើប្រាស់បានយូរអង្វែង ដោយមិនត្រូវផ្ទុកទំនិញលើសចំណុះដែលក្រសួងសាធារណការបានកំណត់ ។
ក្រោយពីចុះធ្វើការផ្សព្វផ្សាយជូនបងប្អូនដែលប្រើប្រាស់ផ្លូវឲ្យយល់ដឹងពីទិសដៅធ្វើចរាចរណ៍លើគន្លងផ្លូវរៀងៗខ្លួន នៃការធ្វើចរាចរណ៍០២គន្លងផ្លូវទៅមកនេះរួចមក ។ក្រុមការងារបានបន្តចុះធ្វើការអប់រំ ដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលបានធ្វើការសាងសង់ប៉ះពាល់លើចំណីផ្លូវត្រូវឲ្យរុះរើចេញពីចំណីផ្លូវក្នុងរយៈពេលខ្លីខាងមុខនេះ ព្រោះយើងបានយល់ច្បាស់ហើយថា រយៈកន្លងមករាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាច្រើនក្នុងការដោះស្រាយនូវគោលនយោបាយលើផ្លូវប៉ះពាល់ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅសងខាងផ្លូវដោយទទួលបានថវិកាសមរម្យទៀតផង ។ ដូច្នេះមិនគួរបងប្អូនមានចិត្តលោភលន់ និងកេងប្រវ័ញ្ចដោយរំលោភយកដីដែលជាចំណីផ្លូវនោះឡើយ ៕ ដោយ វណ្ណា