ភ្នំពេញ, នៅរសៀលថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២១នេះសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលនៃការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ខេត្តព្រៃវែង និងទិសដៅអនុវត្តការងារបន្ត ព្រមទាំងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមបណ្ដាញវីដេអូអនឡាញ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា លោក លោកស្រី ជាប្រធាន អនុប្រធានក្រុមការថ្នាក់កណ្ដាលគណបក្សចុះជួយមូលដ្ឋាន ក្រុង ស្រុក លោក លោកស្រី ជាប្រធាន អនុប្រធានសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្ត ថ្នាក់ដឹកនាំចលនាយុវជនខេត្ត និងអស់លោក លោកស្រីប្រធានគណៈកម្មាធិការគណបក្ស និងប្រធានក្រុមការងារយុវជនគណបក្ស ក្រុង ស្រុក ។
ថ្លែងបើកកិច្ចប្រជុំនាឱកាសនោះ សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា ការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ បានរារាំងមិនឱ្យមានការជួបប្រជុំគ្នាដោយផ្ទាល់ ហើយថាជាមួយគ្នានេះ ការចុះបំពេញការងារនៅតាមមូលដ្ឋានរបស់ក្រុមការងារគណបក្សក៏មានមិនសូវមានភាពរលូនល្អដែរ ។ យ៉ាងណាក៏ដោយ សម្ដេចបានសង្កត់ធ្ងន់ថា ក្រុមការងារគណបក្សគ្រប់ថ្នាក់នៃខេត្តព្រៃវែង បានខិតខំសម្របសម្រួលអនុវត្តសម្រេចបានផែនការសកម្មភាពសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោត ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ ។
សម្ដេចក្រឡាហោម បានបន្តថាថ្នាក់ដឹកនាំ និងមន្រ្តីគណបក្សគ្រប់មូលដ្ឋានក្នុងខេត្តព្រៃវែង ក៏បានពុះពារខិតខំប្រឹងប្រែងលើកកម្ពស់ភាពជាម្ចាស់ក្នុងការរែកពន្ធការងារនានា ទាំងការងារគណបក្ស ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការដោះស្រាយជីវភាពប្រជាជនដែលទទួលរងផលប៉ះពាល់ដោយសារកូវីដ-១៩ និងគ្រោះធម្មជាតិនានា ព្រមទាំងការគ្រប់គ្រងរដ្ឋបាល ការថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការផ្ដល់សេវាសាធារណៈ និងការធានាប្រក្រតីភាពគ្រប់វិស័យនៅមូលដ្ឋាន។
ក្នុងនាមគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ក្នុងនាមសម្ដេចតេជោប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាឆ្លងកាត់បញ្ហាប្រឈមនានាបណ្ដាលមកពីវិបត្តិកូវីដ-១៩ រហូតធានារក្សាបាននូវប្រក្រតីភាពនៃជីវភាពរស់នៅក្នុងសង្គមលើគ្រប់វិស័យ ។
សម្ដេចក្រឡាហោមបន្ថែមថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅសល់ពេលវេលាប្រមាណ៩ខែទៀតប៉ុណ្ណោះ ហេតុនេះកិច្ចប្រជុំនៅថ្ងៃនេះនឹងផ្ដោតលើការរួមគ្នាពិនិត្យពិភាក្សាលើការអនុវត្តកិច្ចការដែលបានអនវត្តកន្លងមក និងកិច្ចការដែលនៅសេសសល់ ដើម្បីកំណត់ទិសដៅការងារត្រូវអនុវត្តបន្តសំដៅរួមគ្នាដណ្ដើមយកជោគជ័យសម្រាប់គណបក្សក្នុងការបោះឆ្នោតខាងមុខ ។
ក្នុងឱកាសនោះដែរ លោក ស្បោង សារ៉ាត់ ប្រធានគណបក្សខេត្តព្រៃវែង បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គប្រជុំ អំពីលទ្ធផលនៃការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ និងទិសដៅអនុវត្តបន្ត មុននឹងឯកឧត្តម ព្រំ សុខា អញ្ជើញអានគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់ ឆ្នាំ២០២២ – ២០២៧ របស់គណបក្សប្រជាជនកម្ពុជា ។
បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានផ្ដល់ការណែនាំមួយចំនួនពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទៅតាមវិធានការរាជរដ្ឋាភិបាល ការងារពង្រឹងសមត្ថភាពនិងបទពិសោធន៍ដើម្បីឱ្យយុវជនគណបក្សកាន់តែមានសក្ដានុពល និងការងារបង្ក្រាបបទល្មើសនៅតាមមូលដ្ឋាន ។
សម្ដេចក្រឡាហោមក៏បង្ហាញការកត់សំគាល់លើកិច្ចការសំខាន់ដែលត្រូវបន្តខិតខំរួមគ្នាអនុវត្តចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០២១ ដូចជាការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នាំ២០២១ ការរៀបចំបេក្ខជនឈរឈ្មោះបោះឆ្នោត ការរៀបចំរបាយការណ៍លទ្ធផលនៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់អាណត្តិទី៥ និងកំណត់គោលនយោបាយអភិវឌ្ឍន៍ ឃុំ សង្កាត់អាណត្តិទី៥ ការរៀបចំសន្និបាទគណៈកម្មាធិការគណបក្សឃុំសង្កាត់ ការបន្តពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់ជាន់ថ្នាក់ និងការពង្រឹងពង្រីកសមាជិកគណបក្ស ។
មុននឹងបញ្ចប់សម្ដេចអនុប្រធានគណបក្សប្រជាជនកម្ពុជាបានផ្ដល់ការណែនាំឱ្យបង្កើនការខិតខំប្រឹងប្រែងពង្រឹងថែរក្សាការពារសន្តិសុខសណ្ដាប់សាធារណៈ និងសុវត្ថភាពសង្គមឱ្យបានល្អប្រសើរដើម្បីបង្កបរិយាកាសដល់ការរៀបចំការបោះឆ្នោត និងការអភិវឌ្ឍន៍សង្គមគ្រប់វិស័យនៅមូលដ្ឋាន បន្តទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ និងខិតខំក្ដាប់ឱ្យបាននូវភាពអសកម្ម ចំណុចខ្សោយ ចំណុចខ្វះខាតនៅមូលដ្ឋាន ហើយចាត់វិធានការដោះស្រាយឱ្យមានប្រសិទ្ធភាព៕
ដោយ, សិលា