យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់រហូតដល់ទៅ៣៦នាក់ និង២៧នាក់រងរបួសនៅក្នុងគ្រោះទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ស្ថិតនៅក្នុងខេត្តKhyber Pakhtunkhawa ប្រទេសប៉ាគិស្ថាន ធ្វើឲ្យផ្ទះសម្បែងជាច្រើនខ្នងបាក់ស្រុតនិងទឹកគួចយកទៅបាត់។
តាមប្រកាសរបស់មន្ទីរគ្រប់គ្រងគ្រោះធម្មជាតិខេត្តKHyber ចំនួនអ្នកស្លាប់នឹងកើនឡើងជាបន្តបន្ទាប់ដោយសារតែ មិនទាន់ទទួលបានព័ត៌មានស្តីពីការស្លាប់និងរបួសនៅតំបន់ដាច់ស្រយាល។
ស្រុកKohistan ទទួលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ដោយមានមនុស្សដល់ទៅ១២នាក់ស្លាប់។ បន្ទាប់មកគឺស្រុកShangla មានមនុស្ស១០នាក់ស្លាប់ ។ ក្រសួងព្យាករអាកាសធាតុ ប៉ាគិស្ថានបញ្ជក់ថាភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខាងលើ២៤ម៉ោងជាប់គ្នា បង្ករឲ្យមានទឹកហូរបាក់ដី បាក់ផ្ទះជាច្រើនខ្នង។
បណ្តាលព័ត៌មានប៉ាគិស្ថានបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបង្ករឲ្យមានការបាក់ដីខូចផ្លូវថ្នល់ជាច្រើនកន្លែង។ រោងចក្រអគ្គិសនីNaltar Valleyរងការខូចខាតយ៉ាងដំណាំធ្វើឲ្យពលរដ្ឋជាច្រើនគ្មានអគ្គិសនីប្រើប្រាស់។
ប៉ាគិស្ថានជាប្រទេសដែលតែងតែជូបនៅគ្រោះធម្មជាតិសម្លាប់មនុស្សជាច្រើនក្នុងមួយឆ្នាំៗ និងបំផ្លាញផលដំណាំជាច្រើន។ នៅក្នុងគ្រោះទឹកជំនន់កាលពីឆ្នាំ២០១៥ក៏បានសម្លាប់មនុស្សដល់ទៅ៨១នាក់ និងប៉ះពល់ដល់ពលរដ្ឋជាង៣សែននាក់៕
ដោយ៖ មែវ សុធី