ខេត្តកំពត: លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នេះ បានអញ្ចើញចូលរួមជាអធិបតីភាពក្នុងពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី ១៨ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងខេត្តកំពត។
ពិធីបិទបញ្ចប់នេះ ប្រារព្ធធ្វើឡើងនៅសាលាខេត្តកំពត ដែលមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ១៥១នាក់ (ឆ្លងសហគមន៌: ១៣០ និង នាំចូល: ២១) និងមានជាសះស្បេីយ ៣៦៦នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១១៧៣៥២នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១២០៥៦នាក់ និង ស្លាប់ថ្មី ១១ (៧នាក់មិនបានចាក់វ៉ាក់សាំ) សរុបស្លាប់ ២៧០៤នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2571934 ស្មេីនឹង 251379 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115។
សូមជម្រាបថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៦៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,៤៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៩,៦៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕
ដោយ, សិលា