រដ្ឋបាលរាជធានីភ្នំពេញអរគុណដល់កង កម្លាំង អាជ្ញាធរខណ្ឌ សង្កាត់ដែលទទួលបានជោគជ័យក្នុងបេសកកម្មទប់ទឹកជំនន់ សណ្ដស្ទឹងព្រែកត្នោត

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធនិងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតដែលបានយកអស់កម្លាំងកាយចិត្តដើម្បីទប់ស្កាត់ធ្វើយ៉ាងណាមិនឱ្យទឹកជំនន់ជន់លិចលង់លំនៅឋានប្រជាពលរដ្ឋ រហូតទទួលបានលទ្ធផលជោគជ័យ គិតមកដល់ត្រឹមល្ងាចថ្ងៃទី២៨ខែតុលានេះ។

ការសម្តែងនូវការដឹងគុណខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ខណៈដែលលោកអភិបាលរាជធានីបានចុះពិនិត្យស្ថានភាពទឹកជំនន់សណ្តស្ទឹងជាចុងក្រោយ និងជួបជាមួយអាជ្ញាធរ កងកម្លាំង ដែលបានប្រឹងប្រែងទាំងយប់ទាំងថ្ងៃអស់រយៈពេលប៉ុន្មានថ្ងៃនេះ ដើម្បីទប់ទំនប់សណ្តស្ទឹងកុំឱ្យបាក់នាំទឹកចូលលំនៅឋានប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោ។

លោកឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា បញ្ហាប្រឈមនឹងទឹកជំនន់ស្ទឹងព្រែកត្នោតគឺលែងជាបញ្ហាប្រឈមទៀតហើយ ដោយសារតែយើងបានទប់ទំនប់យ៉ាងរឹងមាំ ហើយអ្វីដែលសំខាន់ទៀតនោះគឺទឹកបានស្រកចុះយ៉ាងខ្លាំង ដែលលែងជាហានិភ័យសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោទៀតហើយ ។

លោកបានបន្តថា៖ ការទទួលបាននូវជោគជ័យក្នុងបេសកកម្មមួយនេះ គឺពិតជាបានមកពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ទាំងអាជ្ញាធរ ទាំងកងកម្លាំងប្រដាប់អាវុធ ក្រសួងធនធានទឹកនិងឧតុនិយម អាជ្ញាធរទន្លេសាបនិងកងកម្លាំងអង្គរក្សរបស់សម្តេចតេជោហ៊ុនសែន ដោយបានលះបង់កម្លាំងកាយចិត្ត ទប់ស្កាត់បញ្ហាប្រឈមនេះទាំងយប់ទាំងថ្ងៃរហូតយើងទទួលបានជោគជ័យជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោ។

ក្រៅពីការថ្លែងអំណរគុណចំពោះកងកម្លាំងនិងអាជ្ញាធរស្ថាប័នពាក់ព័ន្ធមួយ ចំនួនហើយ លោកឃួង ស្រេង ក៏បានឧបត្ថម្ភជាទឹកប្រាក់មួយចំនួនដើម្បីជាការលើកទឹកចិត្តដល់ក្រុមការងារដែលបានខិតខំប្រឹងប្រែងអស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះផងដែរ៕.  ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print