ភ្នំពេញ៖ ជនសង្ស័យឆក់ទូរស័ព្ទម្នាក់ក្នុងចំណោមបក្សពួក៣នាក់ ត្រូវបានអ្នកឃើញហេតុការណ៍ បើករថយន្តដេញគៀរបណ្តាលឱ្យដួលម៉ូតូ ហើយភ្លាមៗនោះ ប្រជាពលរដ្ឋក៌បាននាំគ្នាព្រួតវាយម្នាក់មួយដៃមួយជើង បណ្តាលឱ្យសន្លប់ទើបប្រគល់ឱ្យសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង១២នឹង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ នៅចំណុចមុខចំណតរថយន្តរិទ្ឋមុន្នីដឹកអ្នកដំណើរនៅ តាមបណ្តោយផ្លូវម៉ៅសេងទុងស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
បើតាមប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េមួយគ្រឿងមិនចាំស្លាកលេខ បានជិះដេញម៉ូតូម៉ាក MSX ពណ៍ខ្មៅលាយសរ ពាក់ស្លាកលេខ ភ្នំពេញ 1FM-3604 ជិះគ្នា៣នាក់តាមបណ្តោយផ្លូវម៉ៅសេងទុងពីក្រោយ ទិសដៅពីត្បូងទៅជើង និងបានស្រែកតាមកញ្ចក់រថយន្តថាចោរៗ ។ ពេលមកដល់ចំណុចកើតហេតុរថយន្តបានគៀរម៉ូតូឱ្យដួលភ្លាមៗនោះ ដោយជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋចាប់បានវាយម្នាក់មួយដៃមួយជើងសន្លប់ស្តូកស្តឹង ចំណែក២នាក់ទៀតរត់គេចខ្លួនបាត់ ។ ក្រោយពីគៀរអោយម៉ូតូដួលរួចម្ចាស់រថយន្ដដែលដេញនិងស្រែកថាចោរនោះបានឡើងជិះរថយន្ដចេញពីកន្លែងកើតហេតុបាត់។
ក្រោយមកជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋផ្សារដើមគ ដើម្បីសួរនាំបន្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់បន្ត ៕
ដោយ៖ ព្រែកជ័យ