ភ្នំពេញ៖ គម្រោង កែលម្អ សួនច្បារនៅមុខ អគារទីស្តីការក្រសួងការពារជាតិថ្មី ក្រុម ការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបាននឹងកំពុងធ្វើសកម្មភាពយ៉ាងមមាញឹក ហើយបើគិតមកដល់ពេលនេះ គម្រោងនេះបានសម្រេចប្រមាណ៩៥ ភាគរយហើយ គ្រោងនឹងរួចរាល់នៅសប្តាហ៍ក្រោយនេះ។
លោក សំ សាមុត ប្រធាន អង្គភាព សួនច្បារ និង រុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី០៥ វិច្ឆិកា ២០២១នេះ ថា៖
ក្រុមការ ងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបាននឹងកំពុងធ្វើសកម្មភាពកែលម្អសួនច្បារឱ្យកាន់តែស្រស់ស្អាត ពីទិសខាងលិចមករហូតដល់មុខអគារទីស្តីការក្រសួងការពារជាតិថ្មី ជាមួយនិងការកាត់សួនច្បារចាស់ចេញប្រវែង៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូល អគារទីស្តីការក្រសួង ការពារជាតិ។
ការងារទាំងអស់នេះ បើគិតមកដល់ថ្ងៃទី០៥វិច្ឆិកានេះសម្រេចបានប្រមាណ ៩៥ភាគរយហើយ ហើយគ្រោងនឹងបញ្ចប់រួចរាល់នៅសប្តាហ៍ក្រោយនេះ។ ការកែលម្អសួនច្បារមួយនេះធ្វើឡើងដើម្បីត្រៀមបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងការពារជាតិថ្មីដែលគ្រោងនិងបើកសម្ពោធ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ។
គម្រោងនេះ មួយផ្នែកត្រូវប្រើប្រាស់ថវិការបស់ក្រសួងការពាជាតិ ដូចជាការដាក់លូថ្មីទំហំ១ម៉ែត្រ និងងការអ៊ុតកៅស៊ូលើទំហំផ្លូវចូលក្រសួងរហូតដល់៤៥ ម៉ែត្រជាដើម។
ចំណែករដ្ឋបាលរាជធានីភ្នំពេញមានការងារច្រើនដែលត្រូវអនុវត្តផងដែរ ដូចជាការកែលម្អសួនច្បារ ដាក់បង្គោលភ្លើង៦៦ ដើម ជាមួយនឹងការដាក់លូ ការស្ដារលូពីក្រោយនិងនៅមុខក្រសួងការពារជាតិ។
សូមបញ្ជាក់ថា៖ តាមគម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិនេះ ត្រូវបានកាត់សួនចាស់ចេញរហូតដល់ ប្រវែង ៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូលមុខក្រសួង ហើយសួនថ្មីនេះ នឹងរៀបជាថ្មក្រានីត ដាំស្មៅ បំពាក់អំពូលភ្លើងដែលអាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួល ជាមួយ នឹងទីតំាងធំទូលាយជាងមុន៕ដោយ សំរិត