ខេត្តបាត់ដំបង៖ ទីបំផុត សមត្ថកិច្ចបាន ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ គឺជាលោក អធិការរងស្រុកគាស់ក្រឡ ដែលជននេះ ត្រូវជាប្អូនថ្លៃ របស់ជនរងគ្រោះតែម្តង (សា.ក.ស.ព) ។ បន្ទាប់ពីបើកការអង្កេតអស់រយៈ ពេលជាង០២ខែលើករណី«អំពើឃាតកម្ម»ដ៏ឃោរឃៅមួយ នៅស្រុកគាស់ក្រឡ ។
បើយោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ដាក សុខា មានតួនាទីជាអធិការរងស្រុកគាស់ក្រឡ ទទួលបន្ទុកផ្នែកគ្រឿងញៀន។
សមត្ថកិច្ចបន្តថា ជនដៃដល់នេះ ត្រូវកម្លាំង ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការខេត្តឃាត់ ខ្លួននិងដោះឯកសណ្ឋាននគរបាលជាតិ ហើយញាត់ ចូលទ្រុងនៅយប់ថ្ងៃទី ០៤ វិច្ឆិកា ឆ្នំា២០២១ ក្រោយពីសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្ម (សម្លាប់បងថ្លៃរបស់ខ្លួន) កាលពីចុងខែសីហា កន្លងទៅនេះ នៅភូមិ បាស្រែ ឃុំដូនបា ស្រុកគាស់ក្រឡ ។
សូមសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីនគរបាលយុត្តិធម៌ស្រុក ខេត្ត ឈានដល់ក្តោបមុខសញ្ញាបាន ហើយឃាតករ ជាអធិការរង ថែមទៀត និងជាស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ចុងក្រោយបានតែខែ(ឈាមស្រែក ស្បែកហៅ)ជាប់ខ្នោះសមត្ថកិច្ចតែម្តង។
សូមរម្លឹកថា នៅក្នុងសំណុំរឿងនេះ មន្ត្រីការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបើកការស៊ើបអង្កេតអស់រយៈពេលជាង ០២ខែ បន្ទាប់ពីកើតហេតុ ទើបលេចចេញនូវតម្រុយនៃ មុខសញ្ញាជនសង្ស័យ ដែលត្រូវជាប្អូនថ្លៃជនរងគ្រោះ ហើយក៏មានតួនាទីជា «អធិការរងស្រុកគាស់ក្រឡ» ទៀតផង។ សឹងតែមិននឹកស្មានដល់ថា ឃាតក ជាប្អូនថ្លៃជនរងគ្រោះ ហ៊ានប្រព្រឹត្តបទឧក្រិដ្ឋយ៉ាងព្រៃផ្សៃបែបនេះ។
ក្នុងករណីនេះ លោក សាត គឹមសាន ស្នងការខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៥ វិច្ឆិកានេះបានប្រាប់សារព័ត៌មានថា «ពិតជាឃាត់ខ្លួនលោក អធិការរងម្នាក់នេះមែន តែកំពុងស្ថិតក្នុងការស្រាវជ្រាវ នៅឡើយ»។ ប៉ុន្តែលោកមិនធ្វើអធិប្បាយច្រើន ខណៈបន្តនីតវិធីក្នុងអង្កេតស្រាវជ្រាវតាជំនាញ ពិសេសមិនត្រូវឱ្យប៉ះពាល់ដល់ដំណើរការរបស់មន្ត្រីនគរបាលយុត្តិធម៌កំពុងបើកប្រតិបត្តិការ។
សូមជម្រាបជូនថា ជនរងគ្រោះនៅក្នុងសំណុំរឿងនេះឈ្មោះ យ៉ង សារ៉ាត់ ហៅតាក់ ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិព្រៃភ្ញាស់ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ក្រុម គ្រួសារនិងសមត្ថកិច្ចបានអះអាងថា ជនរងគ្រោះជា មនុស្សមានសតិមិនប្រក្រតី ។ ជនរងគ្រោះត្រូវបាន ឃាតករ ដែលគេមិនស្គាស់អត្តសញ្ញាណ វាយសម្លាប់ រួចទៅកប់ក្នុងដីក្នុងព្រៃមួយកន្លែង ស្ថិតក្នុងភូមិស្រែបា ឃុំដូនបា ស្រុកគាស់ក្រឡ ហើយត្រូវអ្នកភូមិប្រទះ ឃើញសាកសពនេះ នៅព្រឹកថ្ងៃទី ៣១ សីហា ឆ្នាំ២០២១កន្លង ទៅនេះ។ មន្ត្រីបច្ចេកទេស នៃស្នងការការខេត្ត និង មន្ត្រីជំនាញអធិការស្រុក បានចុះទៅពិនិត្យធ្វើកោសល្យវិច័យ សាកសពជនរងគ្រោះ នៅកន្លែងកើតហេតុ ក្រោយពី ទទួលបាននូវដំណឹងនេះពីប្រជាពលរដ្ឋ តាមជំនាញ។
ឃាតករបានជីកដីកប់សពបុរសនេះ តែកប់មិនជិតទេ ។ ក្រោយធ្វើការពិនិត្យកោសល្យវិច័យ លោក ប៉ាង ហៀង អធិការស្រុកគាស់ក្រឡ បាន សរសេរក្នុងរបាយការណ៍ថា «សាកសពជនរងគ្រោះ មានស្លាកស្នាមវាយនឹងវត្ថុរឹងត្រូវចំផ្ទៃមុខខាងឆ្វេង និង ក្បាលផ្នែកខាងក្រោយ»។
លោកអធិការរូបនេះ ក៏បាន ធ្វើការសន្និដ្ឋានផងដែរលើករណីនេះថា «វាជាអំពើ ឃាតកម្ម»។ ពាក់ព័ន្ធការស៊ើបអង្កេត រហូតឈាន ដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ដាក សុខា ដែល មានតួនាទីជាអធិការរងស្រុកគាស់ក្រឡ ហើយក៏ត្រូវ ជាប្អូនថ្លៃជនរងគ្រោះផងដែរនោះ បើតាមប្រវត្តិរឿង ដែលសមត្ថកិច្ចបានចុះស្រាវជ្រាវក្រោយកើតហេតុ គឺ នៅថ្ងៃទី ២៨ សីហា កម្លាំងអធិការស្រុកគាស់ក្រឡ បានឃាត់ខ្លួនជនរងគ្រោះ(សាកសព)ដឹកយកមក កាន់អធិការស្រុក ដើម្បីសួរនាំដោយសារតែជនរង គ្រោះបង្កហិង្សាក្នុងគ្រួសារ។ ប៉ុន្តែនៅរសៀលថ្ងៃ ដដែល សមត្ថកិច្ចបានដោះលែងបុរសនេះវិញ ដោយ បានប្រគល់ឲ្យលោក ដាក សុខា អធិការរង ដែលត្រូវជាប្អូនថ្លៃផង ជាអ្នកដឹកគាត់យកទៅផ្ទះ។
សូមបញ្ជាក់ទៀតថា, ពេលដែលដឹកជនរងគ្រោះទៅផ្ទះ គេឃើញលោក ដាក សុខា ដាក់ខ្នោះដៃបងថ្លៃរបស់ខ្លួន ដឹកតាម រថយន្តម៉ាកព្រូស ដែលបើកបរដោយមន្ត្រីនគរបាល ក្រោមឱវាទម្នាក់ឈ្មោះ ផាន់នី ។ ពេលនោះ គេមិន បានដឹងថា តើលោកអធិការរងរូបនេះ ដឹកបងថ្លៃខ្លួន យកទៅផ្ទះ ឬដឹកទៅណាទេ ក្រោយចាកចេញពី អធិការ គឺបាត់ដំណឹងឈឹង ? លុះរំលងបានប៉ុន្មានថ្ងៃ ស្រាប់តែនៅព្រឹកថ្ងៃទី ៣១ សីហា បែរជាអ្នកភូមិប្រទះឃើញសាកសព។
នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានប្រាប់អង្គភាព”នគរដ្រេហ្គន”ឱ្យដឹងថា, “ពិតជាមានករណី ឃាត់ខ្លួនអធិការរង ស្រុកគាស់ក្រឡ ពិតប្រាកដមែន ដោយកម្លាំងមន្ត្រីនគរបាលយុត្តិធម៌ខេត្ត បន្ទាប់ពីធ្វើការស៊ើបអង្កេតស្រាវជ្រាវយ៉ាងល្អិតល្អន់ដោយយកចិត្តទុកដាក់បំផុត តាមរយៈការសម្របសម្រួលនីតិវិធីពីលោកផ្ទាល់” ។ លោកព្រះរាជអាជ្ញាបានបន្តថា, សំណុំរឿងមួយនេះ ខ្ញុំបានឲ្យមន្ត្រីនគរបាលយុត្តិធម៌ ធ្វើការឲ្យដិតដល់ កំណត់មុខសញ្ញាឲ្យច្បាស់លាស់ ជៀសវាងការស្រាវជ្រាវមានកំហុស ខុសគោលដៅ តែទីបំផុត ! កម្លាំងជំនាញបានក្តាប់មុខសញ្ញាបាន ទើបឈានដល់ឃាត់ខ្លួនអធិការរងដែលត្រូវជាប្អូនថ្លៃជនរងគ្រោះ ។ លោកបន្តថាបច្ចុប្បន្នមន្ត្រីនគរបាលយុត្តិធម៌កំពុងធ្វើកំណត់ហេតុស្ដាប់ចម្លើយដើម្បីកសាងសំណុំរឿងបញ្ជូនមកអយ្យការ ហើយការបំពេញតួនាទីរបស់មន្ត្រីនគរបាលយុត្តិធម៌បានធ្វើយ៉ាងល្អិតល្អន់ ទើបដឹងថា, លោកអធិការរងរូបនោះបានសម្លាប់បងថ្លៃរបស់ខ្លួនដែលជាជនវិកលចរិត ។
លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានបន្តថា, ខ្ញុំពេញចិត្តចំពោះការងាររបស់មន្ត្រីនគរបាលយុត្តិធម៌ គាត់បានព្យាយាមស៊ើបអង្កេតស្រាវជ្រាវ តាមជំនាញបច្ចេកទេសគ្រប់មធ្យោបាយ ក៏ដូចជាការស្នើសុំសម្របសម្រួលនីតិវិធីពីខ្ញុំ ទើបឈានដល់ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យជាឃាតករ ដែលត្រូវប្អូនថ្លៃជនរងគ្រោះ ហើយមានតួនាទីជាអធិការរងស្រុកគាស់ក្រឡនេះតែម្ដង៕
ដោយ៖សិលា