ភ្នំពេញ៖ គេពុំដឹងថា អាជ្ញាធរដែនដីដែលជាគណៈបញ្ជាការឯកភាពខណ្ឌបានដឹងឬទេ? ជុំវិញទីតាំងបនល្បែងសុីសងបាននិងកំពុងដំណើរការនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូ២និងសង្កាត់ផ្សារដេប៉ូ៣ មានជាការកត់កន្ទុយលេខ កត់ភ្នាល់បាល់ និងទីតាំងInternet ជាល្បែងស៊ីសងនេះជាដើម។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរាយការណ៍មកកាន់ស្នាក់ការ”នគរដ្រេហ្គន “អោយដឹងថាៈ កន្លែងកត់កន្ទុយលេខដ៏ធំមាននៅជិតផ្សារសាមគ្គីផ្ទះល្វែងមួយជុងទល់មុខក្លិប Snooker ឋិតតាមបណ្តោយផ្លូវលេខ១២២ និងផ្ទះលេខ៧B ផ្លូវ២២៣ ជាប់និងផ្សារសាមគ្គី សង្កាត់ផ្សារដេប៉ូ៣ ពួកគេបានបើកដំណើរការជាយូរខែមកហើយដែលមានក្រុមអ្នកញៀនល្បែងចូលចាក់តកន្ទុយគ្នាដូចហែរកឋិន ចាប់ពីម៉ោង១រសៀលរហូតដល់ម៉ោង៤រសៀល។
ដោយឡែកនៅសង្កាត់ផ្សារដេប៉ូ២មានទីតាំងកត់កន្ទុយលេខរបស់ជនជាតិវៀតណាមបានបើកនៅខាងក្រោយសាលាសង្កាត់តែម្តង ដោយស្ត្រីជនជាតិវៀតណាមមួយរូបជាម្ចាស់ទីតាំងលក់ឆ្នោត ធ្លាប់អះអាងប្រាប់សមត្ថកិច្ចថាខ្លួនបានចាត់ចែងទៅកាន់សមត្ថកិច្ចជាច្រើនស្ថាប័នរួចអស់ហើយ រហូតដល់កត់ផង សុីសងភ្លាមៗផងនៅទីនោះ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខ្វះជំនឿទៅនិងគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពបើអាជ្ញាធរនិងសមត្ថកិច្ចនាំគ្នាលាក់បាំងទីតាំងបនល្បែងដើម្បីប្រយោជន៍.ប៉ុន្តែពុំបានគិតទៅដល់បញ្ហាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ព្រោះបទល្មើស មានទាំងការលួច ឆក់ ប្លន់ ឃាតកម្មបាញ់សម្លាប់ ឬក៏ប្រភពនៃការចែកចាយប្រើប្រាស់គ្រឿងញៀនជាដើមផ្តើមចេញពីបទល្មើសនៃល្បែងទាំងនេះ។
នាយប៉ុស្តិរដ្ឋបាលនគរបាលសង្កាត់ផ្សារដេរប៉ូ៣ បានប្រាប់”នគរដ្រេហ្គន”តាមទូរស័ព្ទនាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ថាៈ បើមានទីតាំងបើកកត់កន្ទុយលេខ នឹងអោយគេទៅមើលជាក់ស្តែង ពីព្រោះកន្លែងមុនៗត្រូវបានអោយបិទអស់ហើយ។ ដោយឡែកនាយប៉ុស្តិរដ្ឋបាលសង្កាត់ផ្សារដេរប៉ូ២ ក៏ដូចជាលោក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក”នគរដ្រេហ្គន”មិនអាចទាក់ទងបានទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកតាមទូរស័ព្ទជាមួយ”នគរដ្រេហ្គន” លោកបាននិយាយថាៈ អរគុណបើមានការបើក ខ្ញុំនឹងឲ្យមន្ត្រីចុះទៅមើល.. ហើយត្រូវតែបង្ក្រាបអោយខានតែបាន មិនអនុញាតិអោយមានបនល្បែងទេ។
គេមានចំងល់ខ្លាំងផងដែរថា ស្ត្រីជនជាតិវៀតណាមព្រហើនឬ អាជ្ញាធរសមត្ថកិច្ចមូលដ្ឋានធូរលុងទើបគេហ៊ានបើកកត់កន្ទុយលេខនៅចំពីក្រោយសាលាសង្កាត់ផ្សារដេរប៉ូ២ កៀកនឹងច្រមុះភ្នែកអាជ្ញាធរ សមត្ថកិច្ចយ៉ាងនេះ?
ដោយ៖ សុខ ខេមរា