ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា សហការនិងកម្លាំងជំនាញប៉ុស្តិ៍មិត្តភាព បានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ធ្វើសកម្មភាពឆក់ការបូប មិនបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧និង៥៥នាទីល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះលេខ៤២៦E0 ផ្លូវ១២៨ ក្រុម៧ ភូមិ១ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យទី១ ឈ្មោះ ណវ វីរៈក្សត្រ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៦៧ ភូមិបឹងឈូក សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ ទី២ឈ្មោះ វីន មិនស្គាល់ទីលំនៅ (រត់គេចខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ ឈឿង រ៉ានី ភេទស្រី អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ៤០E2 ផ្លូវ១២៨ ក្រុម២២ ភូមិ៣ ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ និងមានមុខរបរ បុគ្គលិកក្រុមហ៊ុន។
តាមប្រភពព័ត៌មានពីនគរបាលបានអោយដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោង០៧ជិត០៨ យប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ នារីរងគ្រោះ ជិះម៉ូតូម៉ាកអាយខន តែម្នាក់ឯងចេញពីជប់លៀងជាមួយមិត្តភ័ក្រ នៅហាង រាជនីសាច់អាំង នៅតាមបណ្ដោយផ្លូវ១២៨ ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូ២ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចមុខផ្ទះលេខ៤២៦E0 ផ្លូវ១២៨ ក្រុម៧ ភូមិ១ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ស្រាប់តែឃើញមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រេឿងម៉ាកscoopy ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ១DF-០៤១៩ ធ្វើដំណើរស្របទិសគ្នាជាមួយនារីរងគ្រោះ មកអែបខាងឆ្វេង ហើយធ្វើសកម្មភាពឆក់ ការបូបស្ពាយរបស់ជនរងគ្រោះ តែមិនបានសម្រេចត្រូវនារីរងគ្រោះស្រែកចោរៗ ក៏ដឹងដល់នគរបាលព្រហ្មទណ្ឌខណ្ឌ ដែលកំពុងល្បាតក្នុងមូលដ្ឋាននៅក្បែរនោះ បានដេញប្រផាប់ប្រភីងចាប់ជនសង្ស័យបានម្នាក់ភ្លាមៗ តែម្នាក់ទៀតត្រូវរត់គេចខ្លួនបាត់តែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រូវនគរបាលឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការ ដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាម ផ្លូវច្បាប់៕
ស រស្មី