ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១២ មេសា ឆ្នាំ ២០១៦ព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋយោធិនពិការ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន លេខ៣១៧ នៅ ឃុំបល្ល័ង្ក ស្រុកបន្ទាយស្រី ខេត្ត សៀមរាប។
បច្ចុប្បន្ននេះ បងប្អូនយោធិនពិកានៅទីនេះជាង២០០ គ្រួសារបាននឹងកំពុងរស់នៅក្រោមការជួយទំនុកបម្រុងពី សម្តេចតេជោ និង សម្តេចកិត្តិ ទាំងលើផ្នែកជីវភាព និងដីសំរាប់បង្កបង្កើនផលរួមទាំងថវិកាចំនួន៣លានរៀល។ លទ្ឋផលសង្រ្គាមបានបន្សល់ទុកនូវជនរងគ្រោះពិការជាច្រើន។ ថ្វីថ្បិតតែពួកគាត់ជាជនពិការក៏ពិតមែន ប៉ុន្តែពួកគាត់មិនពិការចិត្តឡើយ។ សម្តេចតេជោ តែងតែលើកទឹកចិត្តកូនក្មួយរបស់បងប្អូនយោធិនពិការទាំងអស់ត្រូវខិតខំរៀនសូត្រដើម្បីចំណេះដឹង និងអនាគតរបស់ខ្លួន។ សម្តេចតេជោ នឹងកសាងសាលាមធ្យមសិក្សាមួយខ្នងថែមទៀតសម្រាប់ំជ្ឈមណ្ឌលនេះ ដើម្បីសម្រួលដល់តម្រូវការចាំបាច់នៃការសិក្សារបស់កូនក្មួយនៅទីនេះ ហើយសម្តេចនឹងអញ្ជើញចុះមកសួរសុខទុក្ខបងប្អូនក្នុងមួយឆ្នាំម្តងៗ។
នៅព្រឹកមិញនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារសង្កត់ធ្ងន់ៗ ទៅកាន់អ្នកនយោបាយ អ្នកវិភាគ តំណាងរាស្រ្ត មន្រ្តីរាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា និងមន្រ្តីអង្គការសង្គមស៊ីវិលមួយចំនួន ដែលនៅបន្តនិយាយមួលបង្កាច់ឃោសនាចោទរាជរដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយនោះ គឺនឹងត្រូវចាប់ខ្លួន ព្រោះនិយាយខុសផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញជាតិ។ នេះជាបទល្មើសជាក់ស្តែង ហើយនៅរសៀលនេះ រដ្ឋសភាជាតិក៏នឹងប្រជុំពិភាក្សាលើបញ្ហានេះផងដែរ។
នៅក្នុងពិធីជួបជុំសំណោះសំណាលជាមួយបងប្អូនយោធិនពិការព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អំណោយលើកទឹកចិត្តមួយចំនួនក្នុងឆ្នាំថ្មីដូចជា ម៉ូតូ ១២ គ្រឿងជូនលោកគ្រូអ្នកគ្រូ កង់ចំនួន១០០ គ្រឿងផ្តល់ជូនសិស្សានុសិស្ស រួមទាំងមុង និងថ្នាំពេទ្យមួយចំនួនទៀត ព្រមទាំងថវិកាឧបត្ថម្ភដល់បងប្អូនយោធិនពិការចំនួន ២៤៦ និងគ្រឿងឧបភោគបរិភោគ និងសំភារៈប្រើប្រាស់ជាច្រើនទៀត ផង។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ក៏បានអញ្ជើញទស្សនាអគារស់នៅរបស់បងប្អូនយោធិន ពិការ និងបានថតរូបអនុស្សាវរីយ៍ជាមួយបងប្អូនប្រជាពលរដ្ឋក្នុងបរិយាកាសរីករាយក្រៃលែង។ សម្តេចតេជោ នឹងអញ្ជើញវិលមកប្រជុំសភានៅរសៀលថ្ងៃនេះ ហើយនឹងអញ្ជើញវិលត្រឡប់មកកាន់ទីក្រុងសៀមរាបវិញនៅល្ងាចនេះ ដើម្បីទទួលទេវតាឆ្នាំថ្មីនៅថ្ងៃស្អែក៕
ដោយ៖ សុខ ខេមរា