នៅពេលនេះអាមេរិកបានបញ្ចេញយន្តហោះទម្លាក់គ្រប់ B 52 ដែលគេចាត់ទុកថា ជា«ស្តេចមេឃ» ដែលអាចទម្លាក់គ្រាប់វាយប្រហារទៅលើទីតាំងរបស់សត្រូវ ។ ការសម្រេចបញ្ចេញយន្តហោះនេះធ្វើឲ្យក្រុមអិស្លាមពិបាក់ក្នុងការរកកន្លែងលាក់ខ្លួននៅក្នុងប្រទេសស៊ីរី និងអីរ៉ាក់។
ការសម្រេចបញ្ជូនយន្តហោះខាងលើគឺជាលើកទី២ហើយដែលយន្តហោះB ៥២ ត្រូវបញ្ជូនឲ្យទៅបំពេញបេសកកម្មទមា្លក់គ្រាប់បែក នៅក្នុងតំបន់ដើមបូព៌ា។ យន្តហោះទមា្លក់គ្រាប់បែកអាមេរិកមានវត្តមានជាលើកទី ១ ក្នុងតំបន់ដើមបូព៌ា កាលពី២៦ឆ្នាំមុន គឺនៅពេលដែលអាមេរិកបានបញ្ជូនទៅទម្លាក់គ្រាប់លើកងទ័ពអ៊ីរ៉ាក់របស់លោកសាដាម ហ៊ូសេន ។
នៅក្នុងសេចក្តីថ្លែងការណ៍ កងទ័ពជើងអាកាសអាមេរិកបានអះអាងថា ការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B ៥២ ទៅកាន់ប្រទេសកាតារ គឺសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការចូលរួម វាយកម្ចាត់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម និងការធានាការពារតំបន់ដើមបូព៌ា ក្នុងគ្រា អាសន្ន នាពេលអនាគត។
ទីក្រុងវ៉ាស៊ីនតោន បានសម្រេចចិត្តបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B ៥២ ទៅកាន់មូលដ្ឋានទ័ព ក្នុងប្រទេសកាតារ បន្ទាប់ពីកងទ័ពអាមេរិកបានបង្កើនសកម្មភាពប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ អនុសេនីយ៍ Charles Q Brown មេបញ្ជាការទីបញ្ជាការការដ្ឋានកណ្តាលនៃកងទ័ពជើងអាកាសអាមេរិកបាននិយាយប្រាប់ទីភ្នាកក់ងារព័ត៌មានអង់គ្លេស Reuters ថា យន្តហោះ B ៥២នឹងទៅជួយពង្រឹងទ័ពអាកាសរបស់សម្ព័ន្ធមិត្ត ដែលកំពុងវាយប្រហារទៅលើក្រុមជីហាត ក្នុងទឹកដីស៊ីរី និងអ៊ីរ៉ាក់។
តាមលោកអនុសេនីយ៍ Brown យន្តហោះទម្លាក់គ្រាប់បែក B ៥២ មានសមត្ថភាពទម្លាក់គ្រាប់បែក ទៅលើទីតាំងពិតប្រាកដ និងអាចចូលរួមក្នុងបេសកកម្មជាច្រើនផ្សេងទៀត ដូចជា វាយប្រហារជាយុទ្ធសាស្ត្រ បិទដែនអាកាស ឬប្រតិបត្តិការជើងទឹក។
វីរសេនីយ៍ទោ Chris Karnsអ្នកនាំពាក្យរបស់បញ្ជាការដ្ឋានកណ្តាលរបស់កងទ័ពជើងអាកាសអាមេរិកវិញបានអះអាងថា យន្តហោះទម្លាក់គ្រាប់ B ៥២ដើរតួសំខាន់ក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងក្រុមជីហាតរដ្ឋអ៊ីស្លាម ដោយសារតែ ក្រុមនេះរស់នៅលាយឡំ ជាមួយប្រជាជនស៊ីវិល។ យន្តហោះ B ៥២ នឹងអាចជួយឲ្យអាមេរិកទម្លាក់គ្រាប់បែក ចំៗលើទីតាំងរបស់ក្រុមជីហាត ជាជាងការទម្លាក់គ្រាប់បែក បែបពង្រាយ ដែលនឹងអាចគ្រោះថ្នាក់សម្រាប់ជីវិតប្រជាជនស៊ីវិល ៕
ប្រែសម្រួល៖ ម៉ែវ សាធី