បន្ទាយមានជ័យ:ផ្ទះ៣១ខ្នងដែលសង់ពីឈើប្រក់ស័ង្កសីនិងស្បូវស្ថិតក្នុងឃុំ ប្រាសាទ ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យបានរងការខូចខាតនិងដួលរលំដោយខ្យល់កន្ត្រាក់ព្រោះតែភ្លៀងកក់ខែកាលពីល្ងាចថ្ងៃទី១៨ខែមេសាឆ្នាំ២០១៦ហើយនៅព្រឹកថ្ងៃទី១៩ខែមេសានេះសាខាកាកបាទក្រហមកម្ពុជាខេត្តដឹកនាំដោយលោក លី សារី បាននាំយកអំណោយសង្គ្រោះបន្ទាន់ទៅចែកជូនគ្រួសាររងគ្រោះទាំងនោះ។
លោក លី សារី ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានសម្តែងការសោកស្តាយចំពោះការខូចខាតដ៏ធ្ងន់ធ្ងរនេះ តែលោកបានអំពាវនាវដល់បងប្អូនទាំង៣១គ្រួសារក្រោយពីធ្វើការជួសជុលផ្ទះសម្បែងរួចហើយសូមខិតខំដាំដុះដំណាំរួមផ្សំចិញ្ចឹមសត្វដើម្បីបង្កើនជីវភាពគ្រួសារហើយចំពោះអំណោយនេះថ្វីត្បិតតិចតួចតែវាពិតជាអាចសំរួលដល់ការរស់នៅហូបចុករបស់បងប្អូនបានរយះផងដែរ។
លោកប្រធានសាខាលើកឡើងថាស្រុកព្រះនេត្រព្រះកន្លងមកធ្លាប់ទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៥លើកមកហើយក្នុងឆ្នាំនេះ។គ្រោះធម្មជាតិពិតជាពិបាកក្នុងការប៉ាន់ស្មាននិងទប់ស្កាត់ណាស់តែអ្វីដែលយើងអាចទប់ស្កាត់បាននោះគឺពេលមានភ្លៀងផ្គរន្ទះយើងមិនត្រូវព្យាយាមដើរកាត់រឺនៅហាលភ្លៀងនោះទេ ពិសេសកុំជ្រកតាមក្រោមដើមឈើអោយសោះព្រោះនាំអោយគ្រោះថ្នាក់ដល់អាយុជីវិត។
ចំពោះអំណោយដែលបានផ្តល់ជូនដល់គ្រួសាររងគ្រោះរួមមាន តង់មួយ អង្ករមួយការ៉ុង ម៉ីមួយកេះ ខ្លាញ់មួយដបធំ ទឹកត្រីទឹកស៊ីអ៉ីវមួយយួរ ឃិតមួយកញ្ចប់និងថវិកាមួយចំនួន។ដោយឡែកមួយគ្រួសាររងគ្រោះដែលពិការក្រីក្រតោកយ៉ាកលំនៅដ្ឋានមិនសមរម្យនោះលោក លី សារី និងក្រុមការងារកាកបាទក្រហមខេត្តបានសម្រេចផ្តល់ថវិកាបន្ថែមដើម្បីសាងសង់លំនៅដ្ឋាននោះអោយបានសមរម្យឡើងវិញជាផ្ទះឈើប្រក់សង្ក័សីដែលមានកម្លាំងនគរបាលជាអ្នកទទួលក្នុងការកសាងជូនគ្រួសារនេះ៕
ដោយៈ ប៊ុត សារុន