សកម្មភាពបោះបង្គោលវាតទីរំលោភយកដីបឹង ព្រែកទប់ចាប់ផ្តើមកម្រើកឡើងវិញគួរឲ្យកត់សម្គាល់

ចែករំលែក៖

ខេត្តព្រះសីហនុ៖​ បង្គោលបាញ់ថ្នាំក្រហមជាច្រើនត្រូវបានមនុស្សមួយក្រុមយកទៅបោះនៅជុំវិញបឹងព្រែកទប់តំបន់ហាមឃាត់កាលពីពេលថ្មីៗនេះដោយគេសង្ស័យថាជាសញ្ញាណនៃការរំលោភកាន់កាប់សាជាថ្មីបន្ទាប់ពីសកម្មភាពរំលោភកាន់កាប់ដីតំបន់បឹងព្រែកទប់នេះបានក្លាយជាប្រធានបទយ៉ាងក្តៅគគុកសម្រាប់អ្នកខេត្តព្រះសីហនុក៏ដូចជារាជរដ្ឋាភិបាលកម្ពុជារហូតមានសជណលេខ៧២ចុះថ្ងៃទី១៩ ខែមករា​ ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្រ្តីប្រកាសសើរើនិងពិនិត្យឡើងវិញអ្នកដែលពាក់ព័ន្ធកាន់កាប់មិនប្រក្រតីលើដីតំបន់បឹងព្រែកទប់បឹងស្តុកទឹកស្អាតតាមនីតិវិធីដើម្បីប្រមូលដីបឹងព្រែកទប់យកមកវិញ។

ពាក់ព័ន្ធនឹងការបោះបង្គោលខាងលើនេះយោងតាមប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះបាននិយាយប្រាប់ឲ្យដឹងថាការវាស់វែងនិងបោះបង្គោលដែលមានបាញ់ថ្នាំពណ៌ក្រហមខាងលើនេះគឺគេធ្វើឡើងនៅរសៀលថ្ងៃទី១៦ខែមេសាឆ្នាំ២០១៦ដោយក្រុមអ្នកចុះវាស់វែងមានគ្នាចំនួន៤នាក់ក្នុងនោះមានម្នាក់ជាមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ផងដែរដឹកនាំដោយឈ្មោះហេងប៉ិចជាកូនប្រុសលោកហេងហ៊ុយ។

សកម្មភាពនៃការចុះវាស់វែងរបស់ពួកគេធ្វើឡើងហាក់ដូចជាមន្រ្តីជំនាញសុរិយោដីយ៉ាងដូច្នេះដែរគឺមានអ្នកទាញខ្សែវាស់មានអ្នកកត់ត្រាកំណត់ព្រំនិងមានអ្នកចាំបោះបង្គោលបាញ់ថ្នាំក្រហមយ៉ាងសកម្មផងដែរ។ជុំវិញការចុះវាស់វែងនិងបោះបង្គោលនេះគេមិនដឹងថាក្នុងគោលបំណងបែបណានោះទេប៉ុន្តែគ្រាន់តែដឹងថាឈ្មោះហេងប៉ិចនេះគឺជាមនុស្សសំខាន់បំផុតដែលពាក់ព័ន្ធនឹងការរំលោភបំពានដីបឹងព្រែកទប់ខាងលើនេះកន្លងមក​។

លោកនួនប៉ុកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោខេត្តព្រះសីហនុបានបញ្ជាក់ថាជុំវិញសកម្មភាពការចុះវាស់វែងក៏ដូចជាការបោះបង្គោលនៅលើដីបឹងព្រែកទប់ដែលជាតំបន់ហាមឃាត់ខាងលើនេះលោកមិនបានដឹងនោះទេហើយបញ្ហានេះក៏គ្មានការពាក់ព័ន្ធជាមួយមន្រ្តីជំនាញរបស់លោកដែរពីព្រោះរឿងដីបឹងព្រែកទប់នេះបើគ្មានបទបញ្ជាណាមួយពីរដ្ឋមន្រ្តីក្រសូងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ទេនោះក៏មិនអាចធ្វើអ្វីបានដែរ។សម្រាប់បុគ្គលណាដែលមានការពាក់ព័ន្ធចុះធ្វើសកម្មភាពវាស់វែងឬបោះបង្គោលខាងលើនេះបុគ្គលនោះត្រូវតែទទូលខុសត្រូវដោយខ្លូនឯងចំពោះមុខច្បាប់។

លោកសុខសុខមុមប្រធានអង្គការស្រាវជ្រាវជាតិនៃកម្ពុជាសាខាខេត្តព្រះសីហនុបានបង្ហាញទស្សនៈថាយោងតាមសកម្មភាពនៃការលួចបោះបង្គោលនេះគឺជាការរំលោភកាន់កាប់ខុសច្បាប់សាជាថ្មីរបស់ពួកអ្នកមានអំណាចធ្វើឲ្យបឹងព្រែកទប់ដែលជាដីសាធារណៈរបស់រដ្ឋកំពុងក្លាយទៅជាដីកម្មសិទ្ធិឯកជនដែលផ្ទុយពីសារាចរណែនាំរបស់រាជរដ្ឋាភិបាល។

គួររំលឹកថាដីតំបន់បឹងព្រែកទប់នេះបើយោងតាមសជណលេខ៧២ចុះថ្ងៃទី១៩ខែមករាឆ្នាំ២០១៦របស់ទីស្តីការគណៈរដ្ឋមន្រ្តីកន្លងទៅថ្មីៗបានប្រកាសសើរើនិងពិនិត្យឡើងវិញអ្នកដែលជាប់ពាក់ព័ន្ធកាន់កាប់មិនប្រក្រតីលើដីតំបន់បឹងព្រែកទប់បឹងស្តុកទឹកស្អាតតាមច្បាប់ដើម្បីប្រមូលដីបឹងព្រែកទប់យកមកវិញស្នើសុំដាក់បឹងព្រែកទប់ជាតំបន់អភិរក្សដោយព្រះរាជក្រឹត្យប៉ុន្តែសជណខាងលើនេះហាក់ដូចជាមិនមានប្រសិទ្ធភាពសោះដោយសកម្មភាពនៃការរំលោភបំពានដីបឹងព្រែកទប់ចេះតែកើតមានជាហូរហែ។

ជាក់ស្តែងដូចជាករណីចុះវាស់វែងរបស់ក្រុមឈ្មោះហេងប៉ិចខាងលើនេះអ៊ិចឹងគឺពួកគេចុះវាស់វែងបានយ៉ាងរលូនដោយគ្មានមន្រី្តណាម្នាក់មានវិធានការទប់ស្កាត់នោះឡើយ៕

image

ដោយ៖​ ឆ្លាមសមុទ្រ

111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print