ខេត្តបន្ទាយមានជ័យ៖សត្វមាន់៩៨០ក្បាលដឹកតាមរថយន្តហ៊ីយ៉ានដាយ២តោនកន្លះដែលឈ្មួញនាំពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រករបៀងអូរជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានមន្រ្តីពេទ្យសត្វសហការនិងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដឹកនាំ បានចេញប្រតិបត្តិការចុះបង្រ្កាបរថយន្តនោះបានខណៈដែលរថយន្តបានធ្វើដំណើរ ចេញពីច្រករបៀងអូរបីជាន់ មកដល់ចំណុចស្នួលទ្រេត ឃុំអូរជាន់ ស្រុកអូរជ្រៅ កាលពីវេលាម៉ោង១១យប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ហើយសមត្ថកិច្ចក៏បានបញ្ជូនរថយន្តមកមន្ទីរកសិកម្មខេត្តដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់។
លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុពេទ្យនៃមន្ទីរកសិកម្មខេត្តប្រាប់ឱ្យដឹងថាកម្លាំងមន្រ្តីជំនាញចុះបង្រ្កាបរថយន្តដឹកសត្វមាននោះគឺធ្វើឡើងក្នុងវិធានការបង្កាទប់ស្កាត់នាំការនាំចូលសត្វបក្សីខុសច្បាប់ដើម្បីធានាឱ្យបាននូវសុវត្ថិភាពលើម្ហូបអាហារជូនដល់ប្រជាពលរដ្ឋ។
លោកប្រាប់ឱ្យដឹងទៀតថា ការនាំចូលសត្វបក្សីខុសច្បាប់គ្មានការត្រួតពិនិត្យពីមន្រ្តីជំនាញគឺវាប្រឈមនិងបញ្ហាដូចជាសត្វបក្សីដែលផ្ទុកជម្ងឺឆ្លង ប៉ះពាល់ការផលិតសត្វបក្សីក្នុងស្រុក និងប៉ះពាល់ដល់ប្រាក់ចំណូលរដ្ឋផងដែរ។
លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុពេទ្យនៃមន្ទីរកសិកម្មខេត្តប្រាប់ឱ្យដឹងទៀតថា ចាប់បីពេលនេះតទៅមន្រ្តីពេទ្យសត្វបាននិងកំពុងរិតបន្តឹងទៅលើការនាំចូលសត្វបក្សីខុសច្បាប់ ដើម្បីឱ្យឈ្មួញរត់ទៅរកការនាំចូលស្របច្បាប់ ដើម្បីងាយស្រួលដល់មន្រ្តី ជំនាញធ្វើការគ្រប់គ្រង និងថែមទាំងនាំចំណូលចូលរដ្ឋផងនោះទៀត។
លោកបញ្ជាក់ទៀតថា សត្វមាន់ខាងលើមន្រ្តីជំនាញបានធ្វើការត្រួតពិនិត្យហើយឃើញថាសត្វមាន់ទាំងនោះមានសុខភាពល្អ ដោយមានការបញ្ជាក់ត្រឹមត្រូវផ្នែកសុខភាពពីមន្រ្តីជំនាញពេទ្យសត្វថៃ ។គ្រាន់តែឈ្មួញនាំចូលខុសច្បាប់ មន្រ្តីជំនាញក៏បានធ្វើការអនុវត្តតាម ផ្លូវច្បាប់ដោយផាកពិន័យម្ចាស់ចំនួន៤លានរៀលបង់ចូលរដ្ឋ ហើយបានដោះលែងរថយន្តនិងសត្វមាន់ត្រឡប់ទៅវិញ។
សូមបញ្ជាក់ថា ច្រករបៀងអូរបីជាន់គឺជាច្រកមួយត្រូវគេរាយការណ៍ឱ្យដឹងថា សព្វថ្ងៃបានបើកដៃឃុបឃិតគ្នាជាមួយឈ្មួញខិលខូចឱ្យលួចនាំចូលនូវទំនិញខុសច្បាប់ផង និងសត្វបក្សីខុសច្បាប់ផង ដែលធ្វើឱ្យបាត់បង់ប្រាក់ចំណូលរដ្ឋយ៉ាងធ្ងន់។សកម្មភាពនៃការឃុបឃិតគ្នាជាមួយនិងសមត្ថកិច្ចបើកដៃឱ្យមានបទល្មើសនាំចូលខុសច្បាប់បែបនេះគួរណាស់អភិបាលខេត្តបន្ទាយមានជ័យ ថ្មីលោក សួន បវរ ត្រូវមានវិធានការទៅលើសមត្ថកិច្ចដែលអនុវត្តផ្ទុយនិងគោលការច្បាប់។
ពាក់ព័ន្ធនិងបញ្ហាខាងលើ អ្នកយកព័ត៌មានយើងមិនអាចរកការសុំបំភ្លឺបានទេពីប្រធាន ប៉ុស្តិយោធាប្រចាំច្រករបៀងអូរបីជាន់នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នា២០១៦៕