ខេត្តព្រះសីហនុ៖ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ស្អែកនេះរូបសំណាកព្រះថោង នាងនាគ នឹងត្រូវប្រារព្ធពិធីអភិសេក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។
រូបសំណាកព្រះថោងនាងនាគ ត្រូវបានក្រុមបច្ចេកទេសផ្គុំ និងលើកដាក់នៅលើបល្ល័ង្ក ដោយជោគជ័យ កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ។
រូបសំណាកព្រះថោងនាងនាគ មានកម្ពស់ប្រមាណ២១ម៉ែត្រ ដាក់តាំងនៅត្រង់រង្វង់មូល ព្រះថោងនាងនាគដែលស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រូបសំណាកនេះ ធ្វើឡើងពីស្ពាន់ក្នុងប្រទេសចិន ទម្ងន់សរុប ៦០តោន កម្ពស់ពីព្រះបាត ដល់កំពូលមកុដ ២១ម៉ែត្រ តម្កល់នៅលើបល្ល័ង្កកម្ពស់ ៦,៣៤ម៉ែត្រ។
រូបសំណាកដ៏ធំជាងគេនៅកម្ពុជានេះ ឆ្លាក់តាមរចនាបថខ្មែរ ធ្វើឡើងដោយស្ថាបត្យករខ្មែរសុទ្ធសាធ ក្រោមថវិកាជាតិដែលជាផ្នែកមួយនៃគម្រោងផ្លូវទាំង៣៤ខ្សែ ដែលដឹកនាំស្ថាបនាដោយ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា។
សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២កន្លងទៅ ខណៈអញ្ជើញនាំឧត្តមភរិយាថតរូបជាមួយរូបសំណាកថ្មីដែល ទើបកសាងរួចគឺព្រះថោងនាងនាគនៅ មាត់សមុទ្រក្រុងព្រះសីហនុ បានមានប្រសាសន៍លើផេកផ្លូវការសម្តេចថា, “ពីរនាក់បានហើយ’ !
សម្តេចតេជោ ហ៊ុនសែន បានថ្លែងថា, នាំភរិយាថតរូបជាមួយរូបសំណាកថ្មីដែលទើបកសាងរួចគឺព្រះថោងនាងនាគនៅ មាត់សមុទ្រក្រុងព្រះសីហនុ។
សម្តេចតេជោថ្លែងថា, ពេលខ្ញុំរៀបការមិនបានតោងស្បៃទេតែ ថ្ងៃនេះថតជាមួយរូបសំណាកព្រះថោង
តោងស្បៃទុកឱយកូនចៅមើល។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានអញ្ជើញមកដល់ទីតាំងរូបសំណាក «ព្រះថោង នាងនាគ» ដែលបានដំឡើងរួចរាល់ជាស្ថាពរ ជាមួយគោរព ទទួលពីថ្នាក់ដឹកនាំតាមស្ថាប័នរដ្ឋ អាជ្ញាធរ សមត្ថកិច្ចការពារ សន្តិសុខ សុវត្ថិភាព យ៉ាងយកចិត្តទុកដាក់ ៕
ដោយ : សិលា