ខេត្តព្រះសីហនុ : នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរឆ្លងកាត់ផ្លូវជុំវិញរង្វង់មូលព្រះថោងនាងនាគ ជាបណ្តោះអាសន្នដើម្បីរៀបចំពិធីបដិមាភិសេក ព្រះថោងនាងនាគ។
រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឱ្យបាន ជ្រាបថា៖ រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំពិធីបដិមាភិសេក ព្រះថោងនាងនាគ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២។
ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព និងរក្សាបានសណ្តាប់ធ្នាប់ សាធារណៈល្អប្រសើរ រដ្ឋបាលខេត្តព្រះសីហនុ នឹងផ្អាកការធ្វើចរាចរយានជំនិះគ្រប់ប្រភេទជាបណ្តោះអាសន្ន ចាប់ពីវេលាម៉ោង ០៣:០០នាទីទៀបភ្លឺ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ រហូតដល់ចប់កម្មវិធី នៅតាម មហាវិថីមួយចំនួនដូចខាងក្រោម ៖
១.មហាវិថីជំទាវម៉ៅ ចាប់ពីចំណុចផ្លូវបំបែកស្លាកខ្មែរធ្វើបានរហូតដល់រង្វង់មូលព្រះថោងនាងនាគ។
២. មហាវិថីជំទាវម៉ៅ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ៤ រហូតដល់រង្វង់មូលព្រះថោងនាងនាគ។ ៣. មហាវិថីឆ្នេររាម ចាប់ពីរង្វង់មូលព្រះឧមា-មហេសូរ រហូតដល់រង្វង់មូលព្រះថោងនាងនាគ ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាប និងយោគយល់អធ្យាស្រ័យ ចំពោះការបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមទីតាំង និងកាលបរិច្ឆេទខាងលើដោយក្ដីអនុគ្រោះ។ ផុតរយៈ ពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលខេត្តនឹងបើកឱ្យធ្វើចរាចរជាធម្មតាឡើងវិញ។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្តព្រះសីហនុ រដ្ឋបាលស្រុកព្រៃនប់ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ : សិលា