ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបង្ហើបអោយដឹងថាៈ រថយន្តអូឌីពណ៍សពាក់ស្លាកលេខន.បដែលមេខ្លោងជួញដូរគ្រឿងញៀនជិះធ្វើសកម្មភាព ហើយត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបង្រ្កាបចាប់ល្បីពេញភ្នំពេញដូចសមរភូមិសង្គ្រាមបណ្តាលអោយសមត្ថកិច្ចម្នាក់បានស្លាប់ នឹងចាប់ខ្លួនជនសង្ស័យ៥នាក់ បាញ់ងាប់មេខ្លោងវាម្នាក់កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ គឺជាឡានរបស់ឧត្តមសេនីយ៍ ម្នាក់នៅក្រសួងមហាផ្ទៃ។
រថយន្តអូឌី ដែលពាក់ស្លាកលេខនគរបាល 2-0621 ដែលសមត្ថកិច្ចបានចាប់ដកហូតនៅ ក្នុងប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន គឺជាឡានរបស់លោកឧត្តមសេនីយ៍ រស់ ឧស្សាហ៍ អគ្គធិការរង នៃអគ្គធិការដ្ឋានកិច្ចការនយោបាយ រដ្ឋបាល និងនគរបាល នៃក្រសួងមហាផ្ទៃ។ ហើយស្លាកលេខនគរបាល ដែលបានបំពាក់នៅលើរថយន្តនោះ គឺជាស្លាកលេខពិតប្រាកដ មិនមែនក្លែងក្លាយទេ។
ទាក់ទងករណីនេះ កម្លាំងជំនាញរបស់ក្រសួងមហាផ្ទៃ កំពុងតែធ្វើការសាកសួរលោកឧត្តមសេនីយ៍ រស់ ឧស្សាហ៍ អំពីដើមចមដែលនាំឲ្យជនសង្ស័យ យកឡាននោះទៅជិះ រហូតឈានដល់ការប្រព្រឹត្តបទល្មើស។
គេមានជំនឿថា អ្នកធំៗមិនមែនចាប់យកមុខរបរល្មើសច្បាប់បែបនឹងទេ ដូច្នេះគួរសើុបអង្កេតរកអោយឃើញពីពិរុទ្ធភាពនេះ?៕
ដោយ៖ សុខ ខេមរា