ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានសមត្តកិច្ចនគរបាលក្រុងពោធិ៍សាត់កំពុងធ្វើការសាកសួរ បន្ទាប់ពីបុរសរូបនេះត្រូវបានប្រជាពលរដ្ឋ កម្លាំងប្រជាការពារភូមិ ឃុំមានសុវត្ថិភាព នគរបាលប៉ុស្ថិ៍រដ្ឋបាលឡោមព័ទ្ធចាប់ ខណៈនារីម៉ាស្សាម្នាក់ចង្អុលមុខថាគាត់បានឌុបនាងយកទៅធ្វើសរសៃឲ្យអ្នកបើកបររថយន្ត ប៉ុន្តែគាត់បានឌុបនាងទៅកន្លែងស្ងាត់ហើយសុំនាងរួមភេទបន្តិចតែនាងមិនព្រមថែមទាំងស្រែឲ្យគេឯងជួយ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចកៀនរបងវត្តមនីរ័ត្ន ស្ថិតក្នុងថ្នល់បំបែក សង្កាត់រលាប ក្រុង ខេត្តពោធិ៍សាត់។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ប្រាប់ថាជនសង្ស័យដែលស្រ្តីម៉ាស្សាចោទប្រកាន់ត្រូវបានឃាត់យកមកសួរនាំនោះឈ្មោះ ហាន ហាវ (ហៅសុខ ហុី ហៅនី)អាយុ៣៣ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ប្រភពពីសមត្តកិច្ចខាងលើបន្តថាការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងក្រោយពីស្រ្តីម៉ាស្សាម្នាក់ឈ្មោះ វ៉ាន់ ធិ អាយុ៤០ឆ្នាំ រស់នៅភូមិ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះចង្អុលមុខនិងបានដាក់ពាក្យបណ្ដឹងជាក្រោយថាបុរសរូបនេះបានទៅឌុបគាត់យកមកក្នុងគោលបំណងទៅម៉ាស្សាឲ្យអ្នកបើកបររថយន្តនៅម្ដុំកន្លែងកើតហេតុនោះ ប៉ុន្តែគាត់បានឌុបទៅកន្លែងហើយសុំគាត់ស្រឡាញ់គ្នាទៅវិញថែមទាំងចាប់ទៀតនាងប្រុងធ្វើសកម្មភាពគ្រានោះគាត់(ជនរងគ្រោះ)បានស្រែកឲ្យគេឯងជួយទើបភ្ញាក់ផ្អើលឆោឡោតែម្ដង រួចជិះម៉ូតូចេញទៅបាត់ស្រាប់តែមួយសន្ទុះក្រោយមកឃើញឌុបនារីម៉ាស្សាមកម្នាក់ទៀត(នៅចំណុចដដែល) ទើបសមត្តកិច្ចចាប់យកមកដាក់ទ្រុងនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ទាំងយប់តែម្តង រួមទាំងម៉ូតូម៉ាកមុីអុូ ពណ៏ខ្មៅលាយស គ្មានស្លាកលេខ១គ្រឿងផងដែរ។
ប្រភពដដែលបន្តទៀតថាករណីនេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរមិនទាន់បញ្ជាក់បាននៅឡើយទេ ខណៈបញ្ហាខាងលើអាចជាការចោទប្រកាន់ទម្លាក់កំហុសដាក់លើខាងប្រុស៕
ដោយ៖ ប៉ឹម ពិន