ខ្សឹបដាក់ត្រចៀកៈ​ លោកផ្កាយ៣ចាន់ វ៉ាន់ធឿន ដកលោកឡុង ស្រេង ដាក់លោកអ៊ុំ មុនីឲ្យប្រមូលសេដ្ឋកិច្ចនៅរាជធានី

ចែករំលែក៖

បើទោះជាក្នុងរយៈពេលជិត៣ខែកន្លងមកនេះ លោកផ្កាយ៣ ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានរឹតបន្តឹងការងារ ឈានដល់នាយ នាយរងនគរបាលក្នុងអង្គភាពតាមការិយាល័យនីមួយៗ ចំណុះឲ្យ នាយកដ្ឋាន មានការងារធ្វើ រួមទាំងតម្រូវឲ្យចុះហត្ថលេខាមួយថ្ងៃ២ដង សម្រាប់ការ វិវត្តន៍របស់អង្គភាពនេះក៏ដោយ ក៏នៅមានចំណុចខ្វះខាតមួយចំនួនរងនូវការរិះគន់ ខណៈមាននាយនគរបាលខ្លះ ទៅកាន់កន្លែងខ្លាញ់ និងប្រមូលប្រភពសេដ្ឋកិច្ច ជាលក្ខណៈ អំពើពុករលួយ ។

លោក ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវបានដកពីការគ្រប់គ្រងបង្ការ បង្ក្រាប បទល្មើសសេដ្ឋកិច្ច ក៏ដូចជាទប់ស្កាត់ការហូរ ចូលនូវចំណីអាហារមានជាតិពុល ក្នុងរាជធានីភ្នំពេញជំនួសតំណែងដោយលោក អ៊ុំ មុនីឋានៈជាអនុប្រធាននាយកដ្ឋានដូចគ្នា បន្ទាប់ពីលោក អ៊ុំ មុនី គ្មានការងារធ្វើជិត១០ឆ្នាំ ជាមួយនិងសតិអារម្មណ៍ផងដែរនោះ។ ប៉ុន្តែលោក អ៊ុំ មុនី ជាមនុស្សរបស់លោកប្រធាន នាយកដ្ឋានថ្មី ក៏លើកឲ្យកាន់តួនាទីប្រភពប្រមូលសេដ្ឋកិច្ចដ៏ធំជាងគេ បើប្រៀបធៀប ទៅនឹងនាយនគរបាលដែលចុះទៅតាមបណ្តាខេត្តឬផ្លូវជាតិមួយចំនួនក្នុងក្របខ័ណ្ឌ ទូទាំងប្រទេស ។

គេកំពុងរង់ចាំមើល ចំណាត់ការលោកផ្កាយ៣ ចាន់ វ៉ាន់ធឿន មានប្រសិទ្ធភាពទេ ទៅលើការតែងតាំងលោក អ៊ុំ មុនី តាមរយៈការប្តូរលិខិតបេសកកម្មថ្មីៗនេះ ជំនួសតំណែង លោក ឡុង ស្រេង និងទុកឱកាសឲ្យលោក ឡុង ស្រេង អង្គុយតែក្នុងម៉ាស៊ីនត្រជាក់នៅមួយកន្លែងនោះ? ពីព្រោះថា នៅរាជធានីភ្នំពេញ ប្រឈមទៅនឹងបទល្មើសសេដ្ឋកិច្ចជាច្រើន ហើយលោក ឡុង ស្រេង ក៏បានធ្វើកិច្ចការងារនេះអស់រយៈពេលច្រើនឆ្នាំ​ អាចជាកំហុស ប្រមូលសេដ្ឋកិច្ចមិនត្រូវតាមតម្រូវការ ប៉ះឆ្នាំងបាយថ្នាក់លើ ឬអសមត្ថភាព ការងារ ទើបថ្នាក់លើដកសេចក្តីទុកចិត្ត?

មន្ត្រីក្នុងនាយកដ្ឋានលើកឡើងថា លោក អុ៊ំ មុនី មិនទាន់មានលក្ខណៈសម្បត្តិគ្រប់ គ្រាន់ដឹកនាំទៅលើនាយ នាយរងនគរបាល ស៊ើបអង្កេត តាមដាន បង្កបង្ក្រាប បទល្មើស សេដ្ឋកិច្ច និងចំណីអាហារមានជាតិពុលនោះ ប្រកបដោយតម្លាភាពនៅឡើយទេ ។ ពាក្យជាច្រើនត្រូវបានគេទម្លាយថា លោកអ៊ុំ មុនី បានយកលោក សាន សាធុការ ដែល ជាដៃស្តាំរបស់ខ្លួន មានជំនាញខាងប្រមូលលុយពីឈ្មួញរកសីុ សម្រាប់ប្រមូលសេដ្ឋកិច្ច នៅក្នុងក្រុង ប៉ុន្តែគេពុំដឹងថាតម្រូវការរបស់លោក អុ៊ំ មុនី ឲ្យដៃជើងរបស់ខ្លួនរកឲ្យបាន ប៉ុន្មានក្នុង១ខែសម្រាប់ឡើងទៅលើនោះទេ?

លោក អ៊ុំ មុនី បានរៀបចំរួចជាស្រេចឲ្យមន្ត្រីរបស់ខ្លួនដែលមានលោក សាន សាធុការ ដឹកនាំត្រូវធ្វើស្ថិតិពីចំនួនទីតាំងឃ្លាំងស្តុកទំនិញ ទំនិញនាំចូលរាជធានីភ្នំពេញ បង់ពន្ធគ្រប់ តាមផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ និងលេខ៦អា ក្នុងនោះសូម្បីមេឈ្មួញធំៗ មានដូចជា យាយញាប់ យាយលឹម យាយផុន ចែវី និងឧកញ៉ា គា ធី ដែលជាមេឈ្មួញរកសីុដឹកជញ្ជូនទំនិញគេចពន្ធក្នុងកម្រិតខ្ពស់ តាមផ្លូវជាតិលេខ៥ ក៏ត្រូវចរចាគ្នា ដើម្បីចៀសពីការបង្ក្រាប ។ ឧកញ៉ា គា ធី មានរថយន្តដឹកទំនិញយ៉ាង តិចជាង២០០គ្រឿងសម្រាប់ជាមធ្យោបាយដឹកទំនិញ ភាគច្រើនបង់ពន្ធមិនគ្រប់ ។

លោក អ៊ុំ មុនី មានសង្ឃឹមរាល់ប្រភពប្រមូលសេដ្ឋកិច្ចទៅលើលោក សាន សាធុការ ខណៈគាត់ធ្លាប់មានជំនាញ និងប្រវត្តិប្រមូលប្រាក់កន្លងទៅរាល់ការដឹកជញ្ជូនរបស់ឈ្មួញ ឆ្លងកាត់ផ្លូវជាតិលេខ១-២-៣ និងផ្លូវជាតិលេខ២១០-១១០ បង្កបញ្ហាជាមួយ ឈ្មួញ លក់ដូរធ្វើអាជីវកម្មតាមមូលដ្ឋានទៀតផង ។

បើទោះជាការពង្រឹងការងារដោយលោកផ្កាយ៣​ ចាន់ វ៉ាន់ធឿន សម្រាប់នគរបាលនៅក្នុង នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចឲ្យមានការងារធ្វើ មានវិន័យគោរព តាមតួនាទី ភារកិច្ច ហើយគ្រប់ការិយាល័យមានការងារធ្វើក៏ដោយ ប៉ុន្តែអ្វីដែលជាការ លេចឮមិនសូវល្អនោះ ត្រង់ថាសមត្ថកិច្ចដែលចុះតាមគោលដៅនីមួយៗ មានលិខិត បេសកកម្មត្រូវបង់ចំណូលស្ទើរតែ១គុណ២លើសពីពេលមុនៗទៅទៀត ។

ចាំមើលលោក អ៊ុំ មុនី មនុស្សរបស់លោកប្រធាននាយកដ្ឋានមានទំនុកចិត្តអាច ប្រមូលប្រភពសេដ្ឋកិច្ច ទទួលលទ្ធផលបែបណា ឬក៏អាចនាំមកនូវក្តីកង្វល់សម្រាប់ ការរិះគន់ពីមជ្ឈដ្ឋានឈ្មួញ ក៏ដូចជាអាជីវករតូចតាចក្នុងការបង្ខំឲ្យបង់ប្រាក់ជាដើម ? ពីព្រោះនៅរាជធានីភ្នំពេញ មានទីតាំងស្តុកទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ ហូរចូល តាមបណ្តាផ្លូវជាតិ ដែលលោក អ៊ុំ មុនី ឲ្យលោក សាន សាធុការ ចាត់វិធានការប្រមូល ជ្រកក្រោមរូបភាពចុះសើុបអង្កេតតាមដាន បង្ការបង្ក្រាប បទល្មើសសេដ្ឋកិច្ច និងចំណី អាហារមានជាតិពុលនោះ ៕

...


111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print