ខេត្តកណ្តាលៈស្ត្រីជាកម្មការិនីម្នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកក្រឡាប់ហើយជ្រុលមកកិន ខណះគាត់កំពុងជិះកង់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង៤៦នាទីរសៀលថ្ងៃទិី៣ ខែឧសភា ឆ្នាំ២០១៦នៅចំណុចមុខភូមិកៅ ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល លើកំណាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូមែត្រ១៩ -២០ បង្កដោយរថយន្ត១គ្រឿងម៉ាកបុងហ្គោ(lII)(BONGO)ពណ៌សរឃ្លុបពាក់ផ្លាកលេខភ្នំពេញ.២AD. ៨៧៤៨ ។ អ្នកបើកបរមានឈ្មោះ នួន រដ្ឋភា ភេទប្រុស អាយុ ២៣ឆ្នាំនៅភូមិព្រៃឃ្មំុ ឃុំព្រៃឃ្មុំស្រុកទឹកឈូ ខេត្តកំពត មុខរបរ (អ្នកបើកបរ)។ មុនពេលកើតហេតុ រថយន្តបង្កហេតុបានបើកពីទិសខាងកើតទៅទិសខាងលិច(ភ្នំពេញទៅ កំពង់សោម )មកដល់ចំណុចខាងលើបានក្រឡាប់ ជ្រុលទៅកិនឣ្នកជិះកង់ម្នាក់ឈ្មោះផាន់ ណារ៉ូតភេទស្រី ឣាយុ៣៣ ឆ្នាំមុខរបរកម្មការិនីរោងចក្រ រស់នៅភូមិគល់សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យភ្នំពេញ ខណះគាត់ជិះកង់ក្នុងទិសដៅពីកើតទៅលិចក្នុងទិសដៅស្របគ្នា បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ ។
សមត្ថកិច្ចអោយដឹងថាៈ ក្រោយពេលកើតហេតុកម្លាំងជំនាញចរាចរស្រុកបានប្រមូលយកវត្តុតាងដែលពាក់ពន្ធ័ មករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕
តុង ឡេង