ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទទួលដំណឹងពីការបញ្ចប់ការសិក្សារបស់និស្សិតយោធាខ្មែរនៅអាមេរិកម្នាក់លោក ម៉ូន ពេជ្រ (Moon Pich) ដែលត្រូវបានលោកយាយរបស់គាត់យកខ្សែគោនិងក្រមាប្រគល់ឱ្យនៅថ្ងៃបញ្ចប់ការសិក្សា។ សម្ដេចតេជោថាការដែលលោកយាយធ្វើបែបនេះគឺជាការរម្លឹកដល់ចៅកុំឱ្យភ្លេចពីប្រវត្តិដ៏លំបាក។
សូមបញ្ជាក់ថា, ឆ្លើយក្នុង Comment របស់លោក ឯម ច័ន្ទមករា ដែលចែករំលែកពីការទទួលសញ្ញាបត្ររបស់លោក ម៉ូន ពេជ្រ នៅសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃអង្គារ៍ ទី៣១ ខែឧសភានេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា៖ «គាត់ (លោកយាយ) ធ្វើនេះជាការរំលឹកមួយសម្រាប់ចៅកុំឱយភ្លេចពីប្រវត្តិដ៍លំបាករបស់យើង។ តាក៏សូមជូនពរចៅជួបតែសេចក្តីសុខសេចក្តីចំរើន»។
សូមជម្រាបជូនថា, លោក ម៉ូន ពេជ្រ (Moon Pich) បានបង្ហោះលើហ្វេសបុកផេករបស់លោកកាលពីថ្ងៃច័ន្ទ ទី៣០ ខែឧសភាថា លោកយាយរបស់គាត់ខំរក្សាទុកខ្សែគោ និងក្រម៉ានេះ១០ឆ្នាំហើយ សម្រាប់យកមកមើលពេលនឹកដល់ចៅនិងទុកប្រគល់ឱ្យចៅពេលចៅទទួលសញ្ញាបត្រ។
លោកសរសេរថា៖ «១០ឆ្នាំហើយដែលលោកយាយរក្សាទុកក្រម៉ា និងខ្សែគោដែលខ្ញុំប្រើ ហើយរងចាំខ្ញុំត្រលប់ទៅស្រុកវិញ។ ខ្ញុំតែងប្រើវាសម្រាប់ជាថ្នក់ដាក់ បាយ ទឹក និងសៀវភៅនៅពេលទៅឃ្វាលគោពេលរស់នៅឯស្រុកកំណើត។ ភាគច្រើន នៅក្នុងថ្នក់បាយមានតែ បាយនិងអំបិល ដែលលោកយាយខ្ចប់អោយប៉ុណ្ណោះ។ ពេលនេះលោកយាយ បានយកខ្សែគោ និងក្រមាចាស់ នេះធ្វើជាកាដូសម្រាប់ថ្ងៃបញ្ចប់ការសិក្សារបស់ខ្ញុំពីបណ្ឌិតសភាយោធាអាមេរិក»។
ពាក្យដែលលោកយាយរបស់លោក ម៉ូន ពេជ្រ ប្រាប់ទៅគាត់ពេលទទួលបានសញ្ញាបត្រ និងប្រគល់កាដូរនេះឱ្យនោះគឺ៖ «ពេលនេះយាយប្រគល់វាអោយចៅវិញហើយ ទោះទៅដល់ទីណាសូមចៅកុំភ្លេចកំណើតរបស់ខ្លួនដែលធ្លាប់ជាក្មេងឃ្វាលគោអោយសោះ។ ខ្ញុំស្ទើរស្រក់ទឹកភ្នែក ពេលលឺអ្នកមានគុណដែលបីបាច់ថែរក្សាខ្ញុំ តាំងពីទើបនឹងកើត រហូតធំពេញវ័យ មានប្រសាសន៍បែបនេះ។ វាជាកាដូដ៏មានតម្លៃបំផុតក្នុងជីវិតរបស់ខ្ញុំ។ សូមអរគុណលោកយាយជាទីគោរពស្រលាញ់របស់ចៅ»។
សាធារណជនបានសំដែងនូវការពេញចិត្ត និងអបអរសាទរដល់លោក ម៉ូន ពេជ្រ (Moon Pich) ជាច្រើនផងដែរ។
ហ្វេសបុកឈ្មោះ Mori Bora៖ «លោកយាយរបស់ប្អូន ពិតជាសប្បាយចិត្តខ្លាំងហើយមើលទៅដែលបានឃើញចៅប្រុសគាត់ រៀនសូត្រពូកែ ទទួលបានជោគជ័យពិតជាលើលោកមានតែមួយនៃកាដូរដ៏ពិសេសនេះ»។
ហ្វេសបុកឈ្មោះ Angelina Lee៖ «អានប្រវត្តិពិតរបស់ក្មួយហើយ ពិតជារំភើប នឹកសង្វេគក្នុងចិត្តណាស់ ថ្ងៃនេះក្មួយ ក៍ធ្វើបាន. សម្រេច បំណងប្រាថ្នា ដែលមិនមែនគ្រប់គ្នា ចេះតែធ្វើបានទេ ក្នុងនាមកូនកសិករក្រក្រី នេះជាកិត្តិយសដ៍ធំសម្រាប់ខ្លួនឯងនិងលោកយាយ ពិសេសជាមោទនភាពនៃជាតិខ្មែរ សូមអបអរសាទរនិងកោតសរសើក្មួយអស់ពីដួងចិត្ត»។
លោក ម៉ិច សីហា៖ «ស្នាដៃមួយនេះបានបង្ហាញអោយឃើញច្បាស់ថា កម្ពុជាធ្វើបាន ហើយប្រទេសយើងពិតណាស់ប្រាកដជាមិនចាញ់ឆ្ងាយទេជាមួយប្រទេសដទៃ»៕
ដោយ : សហការី