ខេត្តសៀមរាបៈ ពេលនេះបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់លេងវិលត្រឡប់ដោយសារស្នាដៃគ្លីនិកនាគទេពសៀមរាប។ នេះជាការលើកឡើងរបស់ក្រុមគ្រួសារកុមារីរងគ្រោះបន្ទាប់ពីនាងបានលាចាកចោលក្រុមគ្រួសារតែប៉ុន្មានម៉ោងក្រោយមកព្យាបាលនៅគ្លីនិកនាគទេពសៀមរាប ហើយខាងពេទ្យចេះតែថាមិនមានជម្ងឺអីទេ ។ ក្រុមគ្រួសារសពកុមារីបាននិយាយនៅក្នុងហ្វេសប៊ុករបស់ខ្លួននាយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ថាៈ ក្រុមគ្រួសារខ្ញុំ មានទុក្ខយ៉ាងក្រៀមក្រំ ព្រោះត្រូវបាត់បង់ក្មួយស្រីជាទីស្រឡាញ់រហូតគ្មានថ្ងៃវិលត្រឡប់វិញឡើយ នាងបានទទួលមរណៈភាពនៅម៉ោង៤ទៀបភ្លឺ ថ្ងៃទី៤ ខែ មេសា ឆ្នាំ២០១៦ នៅគ្លីនិកនាគទេពសៀមរាប ដោយមិនដឹងមូលហេតុអាការៈរោគអ្វីពិតប្រាកដ មុនពេលទៅដល់គ្លីនិកប្រមាណម៉ោង៣ទៀបភ្លឺ នាងមានអាការៈក្អួត ពេលទៅដល់គ្លីនិក ពេទ្យព្យាបាលដាក់សេរ៉ូម មួយសន្ទុះក្រោយមកនាងមានសភាពមិនស្រួលខ្លាំង គេដាក់អ៊ុកសុីសែន តែសភាពជម្ងឺកាន់តែធ្ងន់គឺប្រកាច់បែកពពុះមាត់ ពេលនោះប្អូនខ្ញុំសុំអោយគ្លីនិកយកឡានសង្គ្រោះដឹកក្មួយខ្ញុំមកពេទ្យកុមារអង្គរដើម្បីជួយសង្គ្រោះ តែគ្លីនិកមានតែឡាន អត់មានសោរ ហើយតៃកុងក៏អត់នៅទៀត ប្អូនខ្ញុំក៏ហៅឡានគ្លីនិកសិរីរ័ត្នដឹកមកពេទ្យកុមារអង្គរ តែនាងបានស្លាប់បាត់ទៅហើយ។ ពេលមកដល់ តាមពិតនាងស្លាប់តាំងតែពីនៅពេទ្យនាគទេពម៉្លេះ តែមិនអស់ចិត្ត យកមកសង្គ្រោះនៅកុមារអង្អរទៀត។
ក្រុមគ្រួសារសពកុមារីរងគ្រោះបន្តថាៈ អ្វីដែលសោកស្ដាយនោះ គឺគ្រាន់តែក្អួតអីក៏ឆាប់ម៉្លេះ ដោយពុំបានព្យាបាលអស់ចិត្តសោះ ខ្ញុំមិនហ៊ានបន្ទោសពេទ្យទេ តែគ្រាន់តែគិតថា បើគ្មានសមត្ថភាពទេ កុំទទួល ហើយបញ្ជូនគេអោយទៅគន្ធាបុប្ផាឬ ពេទ្យកុមារអង្គរទៅ កុំអោយមានបញ្ហាបែបហ្នឹង?
ករណីនេះ នគរដ្រេហ្គន មិនអាចទាក់ទងខាងគ្លីនិកនាគទេព ដែលគ្មានសមត្ថភាពព្យាបាល ហើយគ្លីនិកមានតែឡានសង្គ្រោះបន្ទាន់អត់សោរ អត់តៃកុងនោះទេ នារាត្រីនេះដោយគ្មានលេខទូរស័ព្ទ។ តែបើពេទ្យធុននេះដូចក្រុមគ្រួសារសពអះអាងគួរពលរដ្ឋខ្មែរជៀសវាងអោយឆ្ងាយ ដោយងាយនឹងរងគ្រោះ៕
ដោយ សុខ ខេមរា