បេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សសាធារណៈរដ្ឋលោក Donald Trump បានបន្ទន់ ជំហររបស់ខ្លួនបន្តិចហើយទៅលើការហាមឃាត់ជនជាតិមូស្លីមមិនឲ្យធ្វើដំណើរមកកាន់ដឹកដីអាមេរិកជាបណ្តោះ អាសន្ននោះ។
ឆ្លើយតបទៅកាន់ការលើកឡើងរបស់អភិបាលក្រុងឡុងដ៏ Sadiq Khan លោក Trump បានបញ្ជាក់ថា ការហាមឃាត់លើជនជាតិមូស្លីមគឺគ្រាន់តែជាការផ្តល់យោបល់មួយប៉ុណ្ណោះ។ លោក Sadiq Khanធ្លាប់បាននិយាយថាគាត់ប្រហែលជាមិនអាចធ្វើដំណើរទៅកាន់ទឹកដីអាមេរិកបានទេក្រោមការ ដឹកនាំរបស់លោក Trumpដោយសារតែគាត់គឺជាអ្នកជឿលើសាសនាមូស្លីម។
លោក Trumpក៏បានបញ្ជាក់បន្ថែមទៀតថាចំពោះករណីរបស់អភិបាលក្រុងឡុងដ៏នេះគឺជាករណីលើក លែងមួយ។ ប៉ុន្តែលោក Sadiq Khan បានបដិសេធមិនទទួលយកការផ្តល់ជាករណីលើកលែងនេះឡើយ។ គាត់ឆ្លើយតបវិញថាទស្សនៈរបស់ លោកTrumpគឺជាទស្សនៈល្ងង់ខ្លៅមួយ ដែលអាចធ្វើឲ្យប្រទេសអាមេរិកនិងអង់គ្លេស អសន្តិសុខទៅវិញទេ។
គួរំលឹកថាមហាសេដ្ឋីអាមេរិក Donald Trumpធ្លាប់បានស្នើឲ្យហាមឃាត់ជនជាតិមូស្លីមមិនឲ្យធ្វើដំណើរ ទៅកាន់ប្រទេសអាមេរិកក្រោយពេលមានការវាយប្រហារមួយទៅលើទីក្រុងបារីសប្រទេសបារាំងដែលបានសម្លាប់មនុស្សចំនួន១៣០កាលពីឆ្នាំមុន។
មហាជននៅក្នុងប្រទេសអាមេរិកនិងក្រៅប្រទេសបានរិះគន់យ៉ាងខ្លាំងលើសំណើរនេះតែលោក Donald Trumpនៅតែប្រកាន់ជំហរបស់គាត់ ដោយអះអាងថាវាគឺជាការចាំបាច់មួយដើម្បីធានាឲ្យបានសន្តិសុខដល់សហរដ្ឋអាមេរិក៕
សុខ ខេមរា