ខេត្តពោធិ៍សាត់៖ យុវជនវ័យប្រមាណ ២២ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលព័ទ្ធចាប់បានភ្លាមៗ ខណៈទទួលបានពាក្យបណ្ដឹងពីយុវនារីម្នាក់បឹងទាមទារសំណងចំនួន ៧០០០ដុល្លារ និងសុំឲ្យចាត់ការតាមនិតិវិធី ដោយសារអន្ទិតកំហូចរូបនេះចាប់រំលោភនាងទាំងកម្រោលនៅក្រោមដើមស្វាយចន្ទីរ នៅពេលដឹកគោយកទៅឲ្យផឹកទឹកអណ្ដូងខាងក្រោយផ្ទះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចក្រោមដើមស្វាយចន្ទីរក្បែអណ្ដូងទឹកខាងក្រោយផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិជ្រណង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
នគរបាលស្រុកក្រគរបានឲ្យដឹងថា អន្ទិតជាជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ ផាត់ វិរៈ អាយុ ២២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
ប្រភពបន្តថាការឃាត់ខ្លួនអន្ទិតសង្ស័យខាងលើនេះ បន្ទាប់ពីទទួលពាក្យបណ្ដឹងយុវនារីរងគ្រោះឈ្មោះ ទ សភ អាយុ ២០ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា ហើយនៅក្នុងពាក្យបណ្ដឹងនោះនាងបានទាមទារសំណងជំងឺចិត្តចំនួន ៧០០០ដុល្លារសហរដ្ឋអាមេរិក និងអនុវត្តតាមផ្លូវច្បាប់ នៅក្នុងពាក្យបណ្ដឹងបានរៀបរាប់ទៀតថាពេលវេលាម៉ោងខាងលើ នាងបានដឹកសត្វគោយកទៅឲ្យផឹកទឹកអណ្ដូងខាងក្រោយផ្ទះអន្ទិតរូបនោះ ដូចសព្វដង គ្រានោះជនសង្ស័យបានដើរសំដៅទៅខ្ចីយោងដងទឹកងូតនៅចំណុចកើតហេតុ នៅពេលជនសង្ស័យងូតទឹករួចក៏បានស្រែកហៅនាងឲ្យទៅយកយោងទឹកមកវិញ ពេលនោះស្រាប់តែជនសង្ស័យបានចាប់នាងរំលោភទាំងកម្រោលបានសម្រេចដូចគោលបំណង។
ប្រភពដដែលអះអាងបន្តទៀតថាករណីនេះ កម្លាំងសមត្តកិច្ចជំនាញស្រុកកំពុងបំពេញសំណំបែបបទ ដើម្បីបញ្ជូនខ្លួនជនសង្ស័យទៅការិល័យជំនាញនៃស្នងការដ្ឋានបន្តតាមនិតិវិធី៕
ដោយ៖ ប៉ឹម ពិន