ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ មានគម្រោង ប្រគល់ការងារជួសជុលថែទាំសួនច្បារ ដើមឈើ និងភ្លើងបំភ្លឺសាធារណៈ ក្នុងរាជធានីភ្នំពេញទាំងអស់ ទៅឲ្យវិស័យឯកជនជាអ្នកគ្រប់គ្រងក្នុងពេលឆាប់ៗដោយអាជ្ញាធរនេះបានចោទប្រកាន់ថា ការប្រគល់ទៅឲ្យវិស័យឯកជន គឺជាការល្អជាងសាធារណការគ្រប់គ្រង ព្រោះបើសាធារណការគ្រប់គ្រង នៅពេលជួសជុលម្តងៗយកថ្លៃឈ្នួល ប្រហែលឯកជនដែរ ក្នុងពេលដែលអង្គភាពរបស់រដ្ឋស៊ីប្រាក់ខែរដ្ឋ ព្រមទាំងប្រើប្រាស់ឧបករណ៏របស់រដ្ឋ ជាពិសេសត្រូវមានការលើកទឹកចិត្តពីរដ្ឋទៀតនោះ ។
ក្នុងកិច្ចប្រជុំ នៅសាលារាធានីភ្នំពេញ ល្ងាចថ្ងៃទី១៦ឧសភា២០១៦នេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ មានប្រសាសន៏ថា ៖ ពេលនេះរដ្ឋបាលរាជធានីភ្នំពេញ បានកោះប្រជុំមន្ត្រីក្រោមឱវ៉ាទដើម្បីត្រៀមរៀបចំផែនការសំខាន់ៗ ចំនួន២ គឺទី១.ផែនការពន្លឿនការងារតម្លើងកាមេរ៉ាសុវត្ថិភាព នៅទូទាំងរាជធានីភ្នំពេញបន្ថែមចំនួន ៦០០គ្រឿង ឲ្យបានក្នុងរយ:ពេល ០៦ខែទៀត និងទី២.ការងាររៀបចំកិច្ចសន្យាការថែទាំសួនច្បារ បង្គោលភ្លើង និងដើមឈើ ប្រគល់ទៅឲ្យវិស័យឯកជនជាជួសជុល និងថែទាំ ។
លោក ប៉ា សុជាតិវង្ស មានប្រសាសន៏ទៀតថា៖ សួនច្បារនៅរាជធានីភ្នំពេញមានជាង៦៩ហិកតា ដើមឈើជាង ៦ម៉ឺនដើម នឹងត្រូវប្តូរការទទួលខុសត្រូវថែទាំឲ្យទៅក្រុមហ៊ុនឯកជន ។ ចំណែកឯអំពូលភ្លើងបំភ្លឺសាធារណ:ទាំងអស់មានជាង ១១.០០០អំពូល នឹងត្រូវប្ដូរជាអំពូល LED (អំពូលមានលក្ខណៈទំនើបស៊ីភ្លើងតិច)ទាំងអស់ ហើយការទទួលខុសត្រូវទទួលថែទាំក៏ត្រូវប្ដូរឲ្យក្រុមហ៊ុនឯកជនផងដែរ ។លោកបញ្ជាក់ថា ការតម្លើង ឬរៀបចំអំពូល ឬសួនច្បារថ្មីពិតជាពិបាក ប៉ុន្តែការថែរក្សា ឬថែទាំ គឺរិតតែពិបាកថែមទៀត សាលារាជធានីភ្នំពេញសង្ឃឹមថា ការគ្រប់គ្រងសួនច្បារសាធារណ: អំពូលភ្លើងបំភ្លឺសាធារណ: សន្តិសុខសុវត្ថិភាពសាធារណ:នឹងបានកាន់តែល្អប្រសើរ បន្ទាប់ពីបានកែសម្រួលយន្តការថ្មី និងតម្លើងកាមេរ៉ាសុវត្ថិភាពជាង ៦០០គ្រឿងបន្ថែមទៀតនេះ ។
លោក សំ សាមុត ប្រធានអង្គភាពសួនច្បារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំនោះបានលើកឡើងជាសំនួរថា អង្គភាពរបស់លោកមានបុគ្គលិកបណ្តែតរាប់រយអ្នក ដែលជាអ្នកថែសួន មានស្រោចផ្កា ដាំឬជួសស្មៅ បោសសំអាតសួន និងបង្គន់អនាម័យជាដើម មានអ្នកខ្លះបំរើការងារនេះរហូតដល់ជិត៣០ឆ្នាំ ។មានន័យថា សួនច្បារនៅរាជធានីភ្នំពេញ ពួកគាត់មានការខិតខំចូលរួមក្នុងការអភិវឌ្ឍន៏ ចាប់តាំងពីសួនច្បារនៅជាដីក្រហមមកម្លេះ ទាំងនេះមិនដោយសារពួកគាត់ទេ ? ឬក៏ពួកគាត់ជាមនុស្សមិនបានការ ? បើពេលនេះសាលារាជធានីភ្នំពេញ ប្រគល់ទៅឲ្យវិស័យឯកជន តើពួកគាត់គិតយ៉ាងម៉េច ៕
ដោយ៖ ដោយ សុខ ខេមរា