សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម

ចែករំលែក៖

ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលទានអាហារពេលព្រឹកជាមួយ លោក ង្វៀន សួនហ្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខណៈដែលមេដឹកនាំទាំងពីរ អញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិ របស់ លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន។

នៅក្នុងពិធីទទួលទានអាហារពេលព្រឹកការងារនោះ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជាវៀតណាម បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពរីកចំរើន នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរ សម្តេចតេជោមានប្រសាសន៍ជំរាបជូន លោកប្រធានរដ្ឋវៀតណាម ពីវត្តមានរបស់ សម្តេចអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧និងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបា។ ជាមួយគ្នានេះ សម្តេចបានជំរាបជូនលោកប្រធានរដ្ឋវៀតណាម ពីលទ្ធផលផ្លែផ្កានៃការធ្វើកិច្ចការជាច្រើន ជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមថ្មី លើការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

លោក ង្វៀន សួនហ្វុក ប្រធានរដ្ឋវៀតណាម មានប្រសាសន៍សំដែងនូវការរីករាយដោយបានជួបសម្តេចតេជោសាជាថ្មីម្តងទៀត នៅលើទឹកដីនៃប្រទេសជប៉ុន។ លោកបានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបញ្ញាញាណ នៃការដឹកនាំរបស់ សម្តេចតេជោ ដែលបានស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យ។ លោកប្រធានរដ្ឋ ក៏បានវាយតម្លៃខ្ពស់ ចំពោះប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានរួមគ្នាដោះស្រាយលើការងារធំៗជាច្រើន ដែលបម្រើឧត្តមប្រយោជន៍នៃប្រទេសនិងប្រជាជនទាំងពីរកម្ពុជាវៀតណាម ពិសេសកំណើនពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងខ្ពស់ បើទោះបីជាជួបវិបត្តិជំងឺកូវីដ១៩ក្តី។

មេដឹកនាំទាំងពីរក៏បាន ឯកភាពគ្នាក្នុងការបន្តដោះស្រាយការងារមួយចំនួនដែលនៅសេសសល់ ពិសេសលើបញ្ហាបោះបង្គោលព្រំដែន នៃប្រទេសទាំងពីរឲ្យកាន់ឆាប់រហ័ស។ លោកប្រធានរដ្ឋវៀតណាម បានជូនពរសម្តេចតេជោនាយករដ្ឋមន្រ្តី ទទួលបានជោគជ័យខ្ពង់ខ្ពស់ថែមទៀត ក្នុងការធ្វើជាប្រធានអាស៊ានដើម្បីបម្រើផលប្រយោជន៍តំបន់របស់យើង។ លោកប្រធានរដ្ឋ បានបង្ហាញនូវអនុស្សាវរីយ៍ជាច្រើនដែលធ្លាប់បានធ្វើការជាមួយសម្តេច ក្នុងពេលដែលឯកឧត្តមធ្វើជា នាយករដ្ឋមន្រ្តីវៀតណាម។ លោកប្រធានរដ្ឋនិងសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានធ្វើការពិភាក្សាគ្នាលើបញ្ហាទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

...

ដោយ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print