ខេត្តពោធិ៍សាត់៖ កម្លាំងសហគមន៍ព្រៃឈើភូមិស្វាយស សហការរួមមានជំទប់ឃុំស្នាអន្សា មន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលប៉ុស្ដិ៍ស្នាអន្សា មេភូមិស្វាយសចំនួន៧នាក់ឃាត់ចាប់ត្រាក់ទ័រ១គ្រឿង ខណៈកំពុងធ្វើសកម្មភាពជាក់ស្ដែងឈូសឆាយដីព្រៃសហគមន៍ ។
ករណីនេះប្រព្រឹត្តឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងដែនសហគមន៍ព្រៃឈើភូមិស្វាយស ស្ថិតក្នុងភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកម្លាំងចុះបង្ក្រាបត្រាក់ទ័របានឲ្យដឹងថា ការឃាត់ចាប់ត្រាក់ទ័រខាងលើនេះ ធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានថាមានត្រាក់ទ័រ១គ្រឿង កំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃសហគមន៍ព្រៃឈើភូមិស្វាយស គ្រានោះកម្លាំង(សហគមន៍ព្រៃឈើភូមិស្វាយស)បានរាយការណ៏មកគណៈកម្មាធិការសហគមន៍ រួចប្រមូលកម្លាំងចុះទៅចំណុចនោះក៍ប្រទះឃើញពិតប្រាកដទើបឃាត់ចាប់តែម្ដង។
ប្រភពបន្តថាម្ចាស់ត្រាក់ទ័រត្រូវបានគេស្គាល់ឈ្មោះ យង់ វ៉េង ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពដដែលអះអាងបន្តទៀតថា បើតាមចំឆើយជាបឋមពីម្ចាស់ត្រាក់ទ័រ បាននិយាយថាគាត់សុីឈ្នួលឈូកភ្ជូរឲ្យគេទេ ហើយម្ចាស់នោះឈ្មោះ កើត ភេទប្រុស អាយុប្រហែល៣៣ឆ្នាំ(ខ្មែរអីុស្លាម)រស់នៅភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពបញ្ជាក់ទៀតថា ករណីនេះវត្ថុតាងត្រាក់ទ័របានរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នាអន្សា ហើយកំពុងបំពេញសំណំបែបបទបញ្ជូនប្រគល់ទៅឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី ៕
ដោយ៖ ប៉ឹម ពិន