តុលាការកោះហៅមន្រ្តីអង្គការ ការពារសត្វព្រៃ និងព្រៃឈើ ករណីបើកឡានប្រដេញឡានដឹកឈើបង្កគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តក្រចេះ៖​ សាលាដំ​បូងខេត្តក្រចេះ បានចេញដីកាកោះហៅមន្រ្តីអង្គការឃ្លាំមើលសកម្មភាពបទល្មើសព្រៃឈើ,សត្វព្រៃ,និងបរិស្ថាន ​ដែលបានធ្វើសកម្មភាពបើករថយន្ត ប្រដេញកាក់រថយន្តសាំយ៉ុង១គ្រឿង ដែលមានដឹកឈើក្តាតិចតួច ដើម្បីជម្រិតទារប្រាក់ ហើយបានបង្កឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ ។

មន្ត្រីសាលាដំបូងខេត្តក្រចេះ បាននិយាយថា ក្នុងដីកាកោះហៅឱ្យចូលខ្លួនមកបំភ្លឺនោះ គឺមានមនុស្ស៥នាក់ ដែលពាក់ព័ន្ឋ រួមនិងមន្ត្រីអង្គការឃ្លាំមើលសកម្មភាពបទល្មើសព្រៃឈើ,សត្វព្រៃ,និងបរិស្ថាន ផងដែរ ។

ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ លោក ហាក់ ហ៊ាន់ បានឱ្យដឹងថា ពិតជាមានករណីកោះហៅ មនុស្ស៥នាក់ឱ្យចូលខ្លួនមកបំភ្លឺមែន ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះមាន៤នាក់នៅក្នុងខេត្តត្បូងឃ្មុំ ដែលជាម្ចាស់រថយន្តសាំយ៉ុង និងម្នាក់ទៀតឈ្មោះ ស៊ឹង គឹមស៊ារ ជាមន្ត្រីអង្គការឃ្លាំមើលសកម្មភាពបទល្មើសព្រៃឈើ,សត្វព្រៃ,និងបរិស្ថាន ។ លោកថា រហូតមកដល់ពេលនេះ អ្នកទាំងនោះមិនទាន់បានចូលខ្លួនមកបំភ្លឺនៅឡើយទេ ហើយលោកក៏មិនដឹងថា តើអ្នកណាខុសអ្នកណាត្រូវនោះទេ ចាំមើលគេចូលខ្លួនមកបំភ្លឺសិន ។

សុំបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបានកើតឡើងកាលពីថ្ងៃ១២ខែឧសភាឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៧ នៅចំនុចប្រាសាទប្រាំ ក្នុងឃុំចង្គ្រង់ ស្រុកចិត្តបុរី ខេត្តក្រចេះ ក្នុងនោះបានបង្កឱ្យមានមនុស្ស៣នាក់រងរបួសស្រាល និងខូចខាតរថយន្ត៣គ្រឿង ។

ស្នងការរងខេត្តក្រចេះទទួលបន្ទុកចរាចរណ៍ លោក ហន ប៉ូច បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយករណីនេះ គឺបង្កឡើងដោយរថយន្តកាមរីហើមពណ៍ស្លែ ពាក់ស្លាកលេខភ្នំពេញ ២H ០១៨៤ ជារថយន្តរបស់ ឈ្មោះ ស៊ឹង គឹមស៊ារ ជាមន្ត្រីអង្គការឃ្លាំមើលសកម្មភាពបទល្មើសព្រៃឈើ,សត្វព្រៃ,និងបរិស្ថាន តែក្រោយពីកើតហេតុ អ្នកបើកបររថយន្តបង្កម្នាក់នេះបានរត់គេចខ្លួនបាត់ ។

ប្រភពបានឱ្យដឹងថានៅថ្ងៃកើតហេតុ ឈ្មោះ ស៊ឹង គឹមស៊ារ ជាមន្ត្រីអង្គការឃ្លាំមើលសកម្មភាពបទល្មើសព្រៃឈើ,សត្វព្រៃ,និងបរិស្ថាន ដែលបានតាំងខ្លួនឯងថា មានភារកិច្ចក្នុងការបង្ក្រាបបទល្មើសព្រៃឈើ នៅទូទាំងខេត្តក្រចេះ បានបើករថយន្តរបស់ខ្លួន ប្រដេញកាក់រថយន្តសាំយ៉ុង១គ្រឿង ដែលមានដឹកឈើក្តាតិចតួច ដើម្បីជម្រិតទារប្រាក់ តាំងពីចំនុចផ្លូវបំបែកកែងសណ្តាន់ ក្នុងស្រុកសំបូរ លើចំងាយផ្លូវរាប់សឹបគីឡូម៉ែត្រ រហូតដល់ចំនុចប្រាសាទប្រាំ ឃុំចង្គ្រង់ ស្រុកចិត្តបុរី ហើយរថយន្តទាំង២គ្រឿងនេះ បានប៉ះគ្នាគៀរ រួចជ្រុលទៅបុករថយន្តសាំយ៉ុង១គ្រឿងផ្សេងទៀត ដែលកំពង់បើកបរច្រាស់ទិសគ្នា ហើយក្រឡាប់ធ្លាក់ផ្លូវបណ្តាលមនុស្សចំនួន៣នាក់រងរបួសស្រាល ។
ប្រភពបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើង ពីសំណាក់មន្រ្តីអង្គការឃ្លាំមើលសកម្មភាពបទល្មើសព្រៃឈើ,សត្វព្រៃ,និងបរិស្ថាន ដែលបានដាក់កុងត្រូលជជុះនៅចំនុចផ្លូវបំបែកកែងសណ្តាន់ ក្នុងស្រុកសំបូរ ចាំបើករថយន្តប្រដេញរថយន្តដឹកឈើជម្រិតទារប្រាក់នោះ គឺបានកើតឡើងជាលើទី៣ហើយ តែអាជ្ញាធរនិងសមត្ថកិច្ចមិនបានចាត់វិធានការមកលើជនបង្កម្នាក់នេះនៅឡើយទេ ។
ប្រភពបន្តថា ក្រោយពីមន្ត្រីអង្គការម្នាក់នេះ បើករថយន្តប្រដេញកាក់រថយន្តសាំយ៉ុងដឹកឈើតិចតួច បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ហើយនោះ ជនបង្កម្នាក់នេះនៅតែធ្វើសកម្មភាព ដាក់កុងត្រូលជជុះនៅចំនុចផ្លូវបំបែកកែងសណ្តាន់ ក្នុងស្រុកសំបូរដដែរ ។

ហើយករណីនេះពលរដ្ឋបានស្នើរឱ្យអាជ្ញាធរត្រូវមានវិធានការណាមួយមកលើមន្ត្រីអង្គការម្នាក់នេះ និងស្នើឱ្យអាជ្ញាធរខេត្តក្រចេះ ត្រូវចុះបង្ក្រាបក្រុមអ្នកដាក់កុងត្រូលជជុះតាមដងផ្លូវនៅក្នុងខេត្តក្រចេះ ដែលកំពុងតែបោះទីតាំងជាច្រើនកន្លែង ឱ្យមានប្រសិទ្ឋភាព ៕

image

image

image

Screenshot_2016-05-13-15-48-43

Screenshot_2016-05-13-15-49-30

Screenshot_2016-05-13-15-50-41

Screenshot_2016-05-13-15-49-55

ដោយ៖ កោះទ្រុង

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print