ភ្នំពេញ៖ បើទោះជាការងារប្រទេសជាតិរាប់ជំពូក ពោពេញដោយភាពមមាញឹកយ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន តែងគិតពីប្រជាពលរដ្ឋរឿងបញ្ហាកង្វះទឹកប្រើប្រាស់ខ្លាំងនិងជាចំបង ក្នុងនោះសម្តេចបានមានប្រសាសន៍ផ្តាំផ្ញើទៅកាន់អាជ្ញាធរ សមត្ថកិច្ច ជំនាញតាមមូលដ្ឋានដោយបញ្ជាក់ថាៈ ទោះបីរដូវស្សាចាប់ផ្តើមខិតចូលមកដល់ក៏ដោយ សូមអាជ្ញាធរមានសមត្ថកិច្ច បន្តយកចិត្តទុកដាក់ជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់ និងកំពុងរងគ្រោះដោយខ្យល់កន្រ្តាក់ដែលបានបណ្តាលធ្វើអោយខូចខាតផ្ទះសម្បែង និងសាលារៀនមួយចំនួនជាដើម។
សម្តេចបន្តថាៈ សូមសម្រុកជីកនិងស្តារអណ្តូង ស្តារស្រះ ប្រឡាយ ត្រពាំង និង ស្តារអាងស្តុកទឹកអោយបានរហ័សដើម្បីរក្សាទឹកទុកប្រើប្រាស់បានទាំងខួបប្រាំងខួបវស្សា។ យើងពិបាកនៅពេលនេះមែន តែបងប្អូនយើងនឹងមានទឹកប្រើប្រាស់លែងខ្វះខាតនៅពេលក្រោយ។ សូមប្រញាប់រួសរាន់ជំរុញការងារនេះអោយបានសម្រេចគ្រប់ទីកន្លែង។
សម្តេចតេជោក៏សូមអរគុណសប្បុរសជន និងអង្គការសមាគមជាតិ និងអន្តរជាតិ ក្រុមអ្នកស្ម័គ្រចិត្ត យុវជនយុវតី និងសមាជិកសមាជិការគណបក្សប្រជាជនទាំងអស់ដែលបានចំណាយថវិកា និងកម្លាំងកាយចិត្តចុះជួយផ្តល់ទឹក និងជំនួយផ្សេងៗដល់បងប្អូនរងគ្រោះទូទាំងប្រទេស៕
ដោយ៖ សុខ ខេមរា