ភ្នំពេញ៖ ហាក់ដូចជាអស់សំណើចបន្តិច ប៉ុន្តែវាជារឿងពិតដែលបានកើតឡើងនៅក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅគ្រាដែលម្ចាស់ផ្ទះមិននៅ ហើយពួកចោរតែងតែធ្វើសកម្មភាពគាស់ផ្ទះនោះជាញឹកញាប់ប្រាថ្នារកទ្រព្យសម្បត្តិ ប៉ុន្តែ ម្ចាស់ផ្ទះប្រាប់ថា គ្មានទ្រព្យសម្បតិ្តអ្វីសំខាន់ ក្រៅតែពីសោដែលកិបនឹងទ្វារនោះ មានតម្លៃប្រហែល២ម៉ឺនរៀល ។ គេមិនដឹងថា ចាប់តាំងពីម្ចាស់ផ្ទះសរសេរលិខិតបិទជាប់នឹងជញ្ជាំងជាបណ្តាំទៅលោកចោរនោះ តើមានសកម្មភាពលួចគាស់ផ្ទះនោះទៀតដែរឬយ៉ាងណា? អ្នកកាសែតមិនអាចរកការបំភ្លឺពីម្ចាស់ផ្ទះ និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកក់ទី២បានទេ ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ផ្ទះនោះស្ថិតនៅម្តុំផ្សារ៧មករា ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ ម្ចាស់ផ្ទះបានសរសេរលិខិតលើកក្រដាស (A4) បិទភ្ជាប់នឹងជញ្ជាំងខាងមុខ ព្រោះតែមិនចង់ឲ្យពួកចោរចំណាយពេលវេលាឥតប្រយោជន៍មកគាស់ផ្ទះនេះទៀត ព្រោះថាក្នុងផ្ទះគ្មានទ្រព្យសម្បត្តិអ្វីនោះឡើយ ។
អំឡុងខែឧសភា ឆ្នាំ២០១៦នេះ សោផ្ទះត្រូវបានកាត់ និងគាស់ផ្ទះ២ដងរួចទៅហើយ ។ ហេតុដូច្នេះហើយបានជាម្ចាស់ផ្ទះបិទសេចក្តីជូនដំណឹងមួយនៅនឹងមុខផ្ទះជួលរបស់ខ្លួនដើម្បីប្រាប់ដល់ពួកចោរឲ្យដឹងជាមុនថា ក្នុងផ្ទះគ្មានអ្វីទេ និងត្រូវបញ្ឈប់ការគាស់ និងកាត់សោផ្ទះរបស់ខ្លួន ។ សេចក្តីជូនដំណឹងចុះថ្ងៃទី២៣ ខែឧសភា អមជាមួយស្នាមមេដៃម្ចាស់ផ្ទះ គេអាចយល់បានថា ម្ចាស់ផ្ទះនេះ ហាក់ដូចជាយល់អារម្មណ៍របស់ចោរ នៅពេលដែលពួកគេបរាជ័យក្នុងប្រតិបត្តិការលួចកាត់សោផ្ទះមួយនេះ ។
សេចក្តីជូនដំណឹងបានសរសេរថា «ខ្ញុំបាទសូមជម្រាបដល់លោក, លោកស្រី ដែលមានមុខរបរជាចោរ ដើរគាស់ផ្ទះទាំងឡាយឲ្យបានជ្រាបថា នៅក្នុងផ្ទះនេះ អត់មានមនុស្សនៅទេ, ហើយអត់មានឥវ៉ាន់ ឬសម្ភារអ្វី ដែលមានតម្លៃក្រៅពីសោផ្ទះខាងមុខនេះ ដែលមានតម្លៃប្រហែលតែ៥ដុល្លារ និងសំរាមដែលមិនទាន់យកទៅបោះចោលប៉ុណ្ណោះ» ។ លិខិតនេះបានបន្តថា «សូមលោក លោកស្រី មេត្តាយោគយល់ ព្រោះខ្ញុំបាទអត់មានពេលទៅដូសោទេ» ។
នាចុងបញ្ចប់នៃសេចក្តីជូនដំណឹងនេះ ម្ចាស់ផ្ទះបានឲ្យពួកចោរដឹងថា ប្រសិនបើត្រូវការថវិកាសម្រាប់ហូបបាយ អាចទាក់ទងទៅកាន់គាត់ផ្ទាល់ ។
នេះជាបញ្ហាមួយដែលបានកើតឡើងក្នុងសង្គម ដែលប្រការនេះអាជ្ញាធរគួរតែរឹតបន្តឹងអំពីបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ។ បញ្ហាចោរលួច គាស់ផ្ទះសម្បែងយកទ្រព្យសម្បត្តិ ក៏ដូចជាចោរឆក់នៅតាមដងផ្លូវកំពុងរីករាយដាលយ៉ាងខ្លាំង ដែលប្រការនេះត្រូវគេអះអាងថា បណ្តាលមកពីការរីកសាយភាយនៃការប្រើប្រាស់គ្រឿងញៀន ៕
ដោយហេង សូរិយា