ភ្នំពេញ៖ ស្ថានទូតអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់កម្លាំងហួសលើសលប់ ប្រឆាំងជាមួយលោក កឹម សុខា គណបក្សសង្គ្រោះជាតិ ធ្វើឲ្យរាជរដ្ឋាភិបាលមានការសោកស្តាយចំពោះការលើកឡើងនេះ ស្ថិតក្នុងការយល់ច្រឡំទាំងស្រុង ដែលអះអាងថា រាជរដ្ឋាភិបាលកំពុងមានជម្លោះជាមួយគណបក្សសង្គ្រោះជាតិនោះ ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា ចំពោះករណីរបស់លោកកឹម សុខា ជាបទល្មើសដែលមានចែងនៅក្នុងមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដែលករណីនេះ ជារឿងជនមិនគោរពច្បាប់ ប្រឆាំងនឹងអំណាចតុលាការ ។ ដូច្នេះស្ថានទូតអាមេរិកលើកឡើង គឺមិនត្រឹមត្រូវនោះឡើយ ។
ក្រុមអ្នកច្បាប់បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធករណីលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ បទបដិសេធក្នុងការចូលខ្លួន ចែងថា រាល់បុគ្គលណា ដែលបានកោះហៅឲ្យមកឆ្លើយជាសាក្សីនៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួនតាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុសមស្រប ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី១សែនរៀល ទៅ១លានរៀល ។
ករណីលោកកឹម សុខា ត្រូវបានតុលាការកោះហៅជាច្រើនលើក ប៉ុន្តែគាត់មិនបានចូលខ្លួននោះឡើយ ទើបតុលាការ ក៏ដូចជាសមត្ថកិច្ចត្រូវតែបន្តនីតិវិធី តាមប្រទេសដែលមានច្បាប់ ដូច្នេះ អ្វីដែលលើកឡើងដោយស្ថានទូតអាមេរិក រាជរដ្ឋាភិបាលមិនអាចទទួលយកបានជាដាច់ខាត ។ អ្នកវិភាគខ្លះនិយាយថា ស្ថានទូតអាមេរិក មានទំនោរយ៉ាងខ្លាំងទៅលើមន្ត្រីបក្សប្រឆាំងក៏ដូចជាគណបក្សប្រឆាំង ដែលភាគតិចណាស់ត្រូវបានសំឡឹងឃើញពីទង្វើល្អរបស់រាជរដ្ឋាភិបាល ៕
សុខ ខេមរា