ខេត្តរតនគីរី៖ ប្រជាពលរដ្ឋនៅ ភូមិប៉ាឡែ ជិតសាលារៀន ដែលត្រូវគេទុកចោលជាច្រើនឆ្នាំមកហើយនោះ បានសំណូមពរ ដល់អាជ្ញាធរធ្វើយ៉ាងណាអោយសាលារៀនមួយខ្នងនោះ អាចបើកបង្រៀនឡើងវិញ ដើម្បីអោយកូនពួកគាត់បានរៀនសូត្រនិងគេ។
សាលារៀនមួយខ្នងនេះ មាន៤បន្ទប់ ជាអំណោយពីរាជរដ្ឋាភិបាល និងមូលនិធិសង្គមកម្ពុជា នៅភូមិប៉ាឡែ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគីរី ត្រូវបានទុកចោលជាច្រើនឆ្នាំមកហើយ ពុំមានបើកបង្រៀន រហូតដល់មានការខូចខាតមួយចំនួនជាបណ្ដើរៗហើយ ។ បច្ចុប្បន្នប្រជាពលរដ្ឋនៅទីនោះ សំណូមពរ អោយមានការបើកបង្រៀនឡើងវិញ ដើម្បីអោយកូន ចៅ ពួកគាត់បានរៀនសូត្រនិងគេ។
យោងតាមសំដីប្រជាពលរដ្ឋថា សាលារៀននេះ ត្រូវបានផ្អាកបង្រៀនទុកចោល ៧ឆ្នាំមកហើយ ដោយសារពុំមានគ្រូបង្រៀន ដូច្នេះកូនតូចៗ របស់ពួកគាត់មិនបានរៀនទេ។ ពួកគាត់សំណូមពរ ដល់អាជ្ញាធរពាក់ព័ន្ធ មេត្តាគិតគូរយ៉ាង ណាអោយបានបើកសាលារៀននេះឡើងវិញ ដើម្បីអោយកូនគាត់បានរៀន ម្យ៉ាងសាលារៀននេះ ក្បែរផ្ទះរបស់ពួកគាត់ផង។
លោក ហេង ប៊ុន្នី អភិបាលស្រុកបរកែវ បានបញ្ជាក់ថា ការផ្អាកមិនបើកបង្រៀននេះ មិនមែនមកពី អត់គ្រូបង្រៀនទេ ដោយប្រជាពលរដ្ឋនៅក្នុងភូមិនេះ ជាជនជាតិដើមភាគតិច បានរើភូមិ ទៅបង្កើតភូមិប៉ាឡែថ្មី មានចំងាយពីភូមិនេះប្រមាណ១០គីឡូម៉ែត្រ ហើយគ្រូបង្រៀន ព្រមទាំងសិស្ស ក៏បានទៅទាំងអស់គ្នា រៀននៅសាលា ភូមិប៉ាឡែថ្មី។ ដូច្នេះសាលារៀននេះត្រូវអត់មានសិស្សរៀន ទើបទុកចោលយ៉ាងដូច្នេះ ។ លោកថា លោកស្ដាយសាលារៀននេះណាស់ លោកនិងអោយប្រធានការិយាល័យអប់រំស្រុក ចុះស្រង់ចំនួនក្មេង បើសិនជាបានចំនួនសិស្សចាប់ពី ២០នាក់ឡើងទៅ សាលារៀននេះនិងបើកបង្រៀនឡើងវិញនៅឆ្នាំក្រោយ។
ជុំវិញករណីខាងលើនេះ អ្នកស្រី ច័ន្ទ ខាំឃឿ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងថា សាលារៀននេះ មិនអាចទុកចោលទេ អ្នកស្រីកំពុងអោយប្រធានការិយាល័យអប់រំស្រុក ស្រង់ស្ថិតិចំនួនសិស្សដែលយើងអាចបើកបង្រៀនបាន ឆ្នាំក្រោយនិងបើកបង្រៀនឡើងវិញហើយ។
គួរបញ្ជាក់ផងដែរថាសាលារៀននេះ ស្ថិតក្នុងភូមិប៉ាឡែ ជាភូមិជនជាតិដើមភាគតិចក្រោយមក ប្រជាជនក្នុងភូមិនោះ បានរើភូមិចេញពីភូមិប៉ាឡែ ចាស់នេះទៅបង្កើតភូមិប៉ាឡែថ្មី ដែលមានចំងាយប្រមាណ១០គីឡូម៉ែត្រ ពីភូមិប៉ាឡែចាស់នេះ។ ដោយឡែកភូមិប៉ាឡែចាស់នេះ មានប្រជាពលរដ្ឋជនជាតិដើមភាគតិច រស់នៅតែ ៣ ទៅ ៤គ្រួសារតែប៉ុណ្ណោះ ក្រៅពីនេះ ជាប្រជាពលរដ្ឋចំណាកស្រុកមកធ្វើកម្មករ ដាំដំឡូងមី និងកម្មករចំការកៅស៊ូ៕
ដោយ៖ វុទ្ធឦសាន