ភ្នំពេញ៖ យ៉ាងហោចណាស់ក៏មានបុរសម្នាក់រងរបួសសន្លប់ធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗនិងម្នាក់ទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្តោសអាសន្ន ដោយសារតែគុំនំរឿងលេងល្បែងអាប៉ោង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៦ នៅក្នុងភូមិ ដើមខ្វិត សង្កាត់ទួលសង្កែខណ្ឌប្ញស្សីកែវ ។
ជនរងគ្រោះមានឈ្មោះ សៀក ហេង ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរយោធា មានទីលំនៅផ្ទះជួលភូមិសង្កាត់កើតហេតុខាងលើ ចំណែកជនបង្ករមាន២នាក់បងប្អូន ទី១.ឈ្មោះ ទ្រីវ សុវណ្ណឌី ភេទប្រុស អាយុ ៤៧ឆ្នាំ ត្រូវជាបងប្រុស មុខរបរចងការលុយ ទី២.ទ្រីវ សាវី ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរមិនពិដប្រាកដ ទាំង២នាក់ស្នាក់នៅភូមិ សង្កាត់កើតហេតុខាងលើ ។
តាមសាក្សីដែលជាអ្នកភូមិរស់នៅកន្លែងកើតហេតុបានអោយដឹងថា នៅប្រហែលជាម៉ោង៥ល្ងាចមានគេប្រាប់ថានៅផ្ទះយាយ យួន ( ម្តាយជនបង្ករទាំង២) មានគេវាយ តាហេង(ជនរងគ្រោះ)បែកក្បាលសន្លប់ហើយ ទៅជួយគាត់ផង ទើបអ្នកភូមិលើកគ្នាទៅផ្ទះជនបង្ករក៏ឃើញជនបង្ករ២នាក់បងប្អូនកំពុងតែវាយទៅលើជនរងគ្រោះសន្លប់ទៅហើយ ។
តែបើតាមសំដីជនបង្កវិញរបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានដើរមកផ្ទះរបស់ខ្លួនហើយនិយាយថា បក្សពួកខ្លួនលេងអាប៉ោងប្រើល្បិច គៀបសីុលុយរបស់ជនរងគ្រោះ ទើបទាស់សម្តីគ្នាប្រតាយប្រតប់គ្នាមួយប្រាវ បង្កជារឿងធំភ្លាមទៅ ។ ក្នុងពេលកំពុងតែប្រតាយប្រតប់គ្នានោះ ប្អូនជនបង្ករបានចេញពីបន្ទប់ទឹកឃើញគេវាយបងប្រុសក៏ស្ទុះទៅជួយក៏ត្រូវសមត្ថកិច្ចនាំខ្លួនយកមកប៉ុស្តិសាកសួរទាំង២នាក់តែម្តងទៅ ។
ក្រោយពេលសាកសួរខាងភាគីបង្ករបានអោយដឹងថា នេះជាករណីគំនុំគ្នាយូរមកហើយ ហើយខាងបង្ករបានចោទជនរងគ្រោះថាចូលមកផ្ទះគេមានបំណង លួចអីវ៉ាន់ ទើបខាងសមត្ថកិច្ចអោយភាគីទាំង២សំរួលគ្នា តែដោយសារមានការតវ៉ាពីប្រជាពលរដ្ឋលើកគ្នាមកមុខប៉ុស្តិប៉ូលីស ថានេះជាករណីបង្កររបួសស្នាមជាក់ស្តែង ហើយម្យ៉ាងទៀតជនបង្ករជាមនុស្សដែលអ្នកភូមិស្អប់ មិនចូលចិត្ត ទើបប្រជាពលរដ្ឋនាំគ្នាផ្តិតមេដៃសំណូមពរអោយសមត្ថកិច្ច ដាក់ទោសជនបង្ករតាមផ្លូវច្បាប់ ព្រោះនេះជាករណីបទល្មើសជាក់ស្តែង ។ បន្ទាប់ពីបានស្នាមមេដៃប្រជាពលរដ្ឋហើយ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ចូនជនបង្ករទៅអធិការដ្ឋានខណ្ឌប្ញស្សីកែវ ដើម្បីចាត់ការបញ្ជូនជនបង្ករបន្តទៅតុលាការកាត់ទោសតាមផ្លូវច្បាប់ ៕
ដោយ៖ ព្រែកជ័យ