ខេត្តកណ្តាលៈ បន្ទាប់ពីកើតគ្រោះធម្មជាតិខ្យល់កន្ត្រាក់លាយភ្លៀងបណ្តាលអោយទូកដមួយគ្រឿងលិចចូលក្នុងទន្លេមេគង្គក្រោមកាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំងាយប្រមាណជា៤០ម៉ែត្រពីច្រាំងទន្លេចំនុចកំពង់ចម្លងកោះកែវ-ជ្រោយដង បណ្តាលអោយមានមនុស្សស្លាប់និងបាត់បង់មធ្យោបាយជាច្រើនគ្រឿងរួចមក គេឃើញថាពេញមួយថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ នេះ កម្លាំងសមត្ថកិច្ចចម្រុះបានប្រតិបត្តិការក្តៅគគុកក្នុងការរាវរកម៉ូតូ និងសាកសពជនរងគ្រោះ តែនៅរកមិនទាន់ឃើញឡើយ ។ ដោយឡែកទូកដែលលិចចូលក្នុងទន្លេត្រូវបានក្រុមការងារប្រើប្រាស់គ្រប់មធ្យោបាយដើម្បីស្រង់ឡើងលើគោក ។
ក្នុងប្រតិបត្តិការនេះស្រង់យកទូកដនេះដែរ ក្រុមការងារបានប្រើប្រាស់ពេលវេលាជាង១០ម៉ោងដើម្បីអូយយកទូកដែលលិចឡើងមកលើគោកព្រោះ… តែមិនទាន់ទទួលបានជោគជ័យនោះទេទោះបីជាសមត្ថកិច្ចប្រើប្រាស់មធ្យោបាយជាច្រើនគ្រឿងក៏ដោយ ក្នុងនោះម៉ូតូដែលលិចបាត់ចំនួន៤គ្រឿងក៏រកមិនទាន់ឃើញ។ ចំណែកសាកសពជនរងគ្រោះក៍រកមិនទាន់ឃើញ។
លោកវរៈសេនីយ៍ទោ ជា ថុល អធិការនគរបាលស្រុកល្វាឯមដែលដឹកនាំកម្លាំងប្រតិបត្តិការពេល១ថ្ងៃ បានអោយដឹងថា នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ដូច្នេះថា ប្រតិបត្តិការនេះបានធ្វើឡើងពេញ១ថ្ងៃ ទី៩ ដោយមានការសហការពីកម្លាំងរបស់ស្នងការនគរបាលខេត្ត ចុះមកប្រចាំការនៅគោលដៅរងគ្រោះទីតាំងពីយប់ថ្ងៃទី៨ ពោលគឺតាំងពីពេលកើតហេតុមកម្លេះ។ ការខិតខំរបស់ក្រុមការងារពេញមួយថ្ងៃនេះយើងបានប្រើប្រាស់ រ៉ីម៉គ័រ១គ្រឿង , អេស្កាវ៉ាទ័រ១គ្រឿង , ទូកម៉ាស៉ីនចំនួន៨ គ្រឿង និងអ្នកជំនាញខាងមុជទឹកជាច្រើននាក់ ដើម្បីស្រង់យកទូកដែលលិចអូសឡើងមកលើគោកវិញ។
លោកអធិការបានបន្តថា ក្នុងប្រតិបត្តិការអូសទូកលិចឡើងមកលើគោកនេះមានការចំណាយច្រើនតាំងពីពេលវេលានិងសម្ភារៈ ក្នុងនោះកាប្លិ៍អូសចំនួន២ខ្សែត្រូវបានដាច់ក្នុង១ខ្សែមានតម្លៃ៣ពាន់ដុល្លារ។ ទោះជាជួបបញ្ហាប្រឈមយ៉ាងណាក៏ដោយក្រុមការងារនៅតែព្យាយាមអូសយកទូកដែលលិចឡើងមកលើគោកអោយខាងតែបានសង្ស័យថាម៉ូតូចំនួន៤គ្រឿងនិងសាកសពជនរងគ្រោះដែលបាត់ខ្លួនអាចជាប់នៅក្នុងឃ្លុបទូកដ តែពេលនេះក្រុមការងារអូសស្ទូចយកទូកដែលលិចមិនទាន់បាននោះទេ ទើបតែចេញក្បាលទូកប៉ុណ្ណោះនៅប្រហែលជា១០ម៉ែត្រទៀតទើបអូសឡើងមកដល់ច្រាំង។ .ប្រតិបត្តិការនេះនឹងធ្វើបន្តនៅថ្ងៃទី១០ទៀត។ ដោយឡែកនៅចំនុចកើតហេតុសមត្ថកិច្ចបានដាក់កម្លាំងការងារទាំងយបទាំងថ្ងៃ។
សូមបញ្ជាក់នៅវេលាម៉ោង២ រសៀល ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ មានករណីទូកដចម្លងទទឹងទន្លេមេគង្គក្រោម១គ្រឿងត្រូវភ្លៀងលាយខ្យល់កន្ត្រាក់បោកបក់បណ្តាលអោយលិចចូលក្នុងទន្លេ នៅចំងាយប្រមាណជា៤០ម៉ែត្រពីកំពង់ដកោះកែវ ស្ថិតក្នុងឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល ក្នុងនោះមធ្យោបាយមួយចំនួនរួមមានម៉ូតូ៤គ្រឿង ទូកចម្លងមួយគ្រឿង និងសម្ភារៈមួយចំនួនទៀត មិនទាន់ស្រង់ចេញពីក្នុងទន្លេនោះទេ ដោយឡែកសាកសពជនរង គ្រោះដែលបាត់ខ្លួនរាវរកឃើញតែម្នាក់ប៉ុណ្ណោះ ។ជនរងគ្រោះមានឈ្មោះ
១.ឈឺន កូ ភេទប្រុស អាយុ ៦១ ឆ្នាំ មុខរបរ កសិករ ឈ្លក់ទឹកស្លាប់នៅក្នុងទន្លេ ត្រូវអ្នកនេសាទរាវរកឃើញ ។ ២.គី ណា យូសៀក ភេទស្រី អាយុ ២ឆ្នាំ នៅក្នុងបន្ទុក បាត់ខ្លួនរាវរកមិនទាន់ឃើញឡើយ ។ ជនគ្រោះទាំង២នាក់មានទីលំនៅ ភូមិកោះ កែវក្រោម ឃុំកោះកែវ ស្រុកល្វាឯមខេត្តកណ្តាល។ ចំណែកម្ចាស់ទូកដរឈ្មោះ ស៊ុន ថៃ ភេទ ប្រុសអាយុ ៦៨ មានទីលំនៅភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម កណ្តាល។
អ្នកបើកបរទូកឈ្មោះ ស៊ុន គីមលី ភេទប្រុស អាយុ ៣២ ឆ្នាំ ជាតិខ្មែរទីលំនៅភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល ក្រោយកើតហេតុ គេចខ្លួនបាត់ ។
ក្នុងករណីនេះមធ្យោបាយសម្រាប់ធ្វើដំណើរដែលលិចចូលក្នុងទន្លេរួមមាន
១. ម៉ូតូC១២៥ ស៊េរី ២០១៥ ចំនួន ១គ្រឿង ២.ម៉ូតូC១២៥ស៊េរី២០១២. ចំនួន១គ្រឿង។
៣.ម៉ូតូ គុបជ្រុង C៩០១គ្រឿង។
៤.ម៉ូតូC១២៥ស៊េរី ២០១៣ ចំនួន១គ្រឿង,ទូរសព្ទ័ ចំនួន០៥ រឿង។ ៥.ប្រាក់ ៧០០ដុល្លារ និងប្រាក់ ៥២០០០០រៀលនិងឯកសារ មួយចំនួន ។
បន្ទាប់ពីជួបគ្រោះធម្មជាតិសមត្ថកិច្ច២ស្រុកបានចុះទៅកន្លែងកើតហេតុ ស្រង់បានសាកសពជនរងគ្រោះម្នាក់ មកដល់ល្ងាចថ្ងៃទី៩ នេះជនរងគ្រោះដែលបាត់ខ្លួនរកមិនទាន់ឃើញ រួមជាមួយនិងមធ្យោបាយធ្វើដំណើរ ៕
ដោយសណ្តោស