ភ្នំពេញ ៖ យុវជន៣នាក់ខំជិះម៉ូតូតាំងពីខេត្តកណ្តាលមករកទិញថ្នាំញៀននៅម្តុំមុខពេទ្យលោកសង្ឃបាន១កញ្ចប់តម្លៃ២មុឺនរៀលដើម្បីយកទៅជក់លុះធ្វើដំណើរដល់ផ្លូវ២០០៤ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១៦និង៥០នាទីល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវ២០០៤ កន្លែងសមត្ថកិច្ចត្រួតពិនិត្យច្បាប់ចរារណ៍ ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យទី១ឈ្មោះ ហេង ផានុ ភេទប្រុសអាុយ១៨ឆ្នាំ មុខរបរនៅផ្ទះ រៀនថ្នាក់ទី១២(ឈប់) ទី០២ឈ្មោះ នី ចំរើន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ រៀនថ្នាក់ទី១២ (ឈប់) និងទី០៣ឈ្មោះ ឃីន បូរី ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរព្រូឡាន រៀនថ្នាក់ទី០៩ (ឈប់) ទាំង៣នាក់ស្នាក់នៅភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចបានអោយដឹងថាមុននិងឃាត់ជនសង្ស័យទាំង៣នេះគឺកំលាំងនគរបាលចរារចរណ៍ខណ្ឌបានដាក់គោលដៅត្រួតពិនិត្យមួក កញ្ចក់និងម៉ូតូឥតស្លាកលេខ លុះដល់ម៉ោងខាងលើ ឃើញពួកគេជិះម៉ូតូ១ គ្រឿងម៉ាកស៊ុយសុីគីស្មាស់សេរីឆ្នាំ២០០៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1G.1380 ដោយពីរនាក់ជិះពីក្រោយមិនមានពាក់មួក ក៏ឃាត់ត្រួតពិនិត្យពេលនោះស្រាប់តែឈ្មោះ ឃីន បូរីបានបោះថ្នាំញៀនចោលទើបសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលទឹកថ្លាតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាពួកគេបាននាំគ្នាជិះម៉ូតូតាំងពីខេត្តកណ្តាលហើយមកទិញថ្នាំញៀនពីមនុស្សម្នាក់ពុំស្គាល់អត្តសញ្ញាណ១កញ្ចប់តូចដើម្បីយកទៅចែកគ្នាជក់ក្នុងតម្លៃ២០០០០មុឺនរៀលពេលបានថ្នាំហើយក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញតាមផ្លូវខាងលើហើយក៏ជួបនិងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយៈ តុង សីហា